ឧកញ៉ា ចាន់ សុឃាំង៖ បើកម្ពុជាជំរុញការផលិតពូជស្រូវល្អប្រណិតឱ្យបានច្រើនវានឹងជួយឱ្យប្រជាកសិករនៅក្នុងស្រុកកាត់បន្ថយថ្លៃដើម

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា ក្រសួងបានកំណត់នៅពូជស្រូវ២ប្រភេទដែលពេញនិយមហើយមានទីផ្សារល្អគឺពូជស្រូវសែនក្រអូបនិងពូជស្រូវ OM។ ការកំណត់ពូជឬជំរុញការផលិតពូជស្រូវសែនក្រអូបនេះត្រូវបានប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមើលឃើញថាបើកម្ពុជាផលិតពូជស្រូវល្អប្រណិតឱ្យបានច្រើននោះវានឹងជួយឱ្យប្រជាកសិករអាចកាត់បន្ថយថ្លៃដើមផលិតដោយនៅក្នុងមួយហិកតាតាមរយៈពូជសុទ្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទសារព័ត៌មានស្តីពីទស្សនទានក្នុងវិស័យកសិកម្ម កាលពីថ្ងៃទី៥ខែមករាឆ្នាំ២០២៣ថ្មីៗនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងការចែកពូជស្រូវពេលដែលរងគ្រោះដោសារទឹកជំនន់នោះគឺយើងបានកំណត់នៅពូជស្រូវ២ប្រភេទដែលពេញនិយមហើយមានទីផ្សារល្អគឺពូជស្រូវសែនក្រអូបនិងពូជស្រូវ OM(៥៤,៥១)។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា នៅក្នុងពូជស្រូវសែនក្រអូបបង្កើតឡើងដោយស្ថាប័នរបស់ខ្មែរសុទ្ធសាធ ហើយជាប្រភេទពូជស្រូវមិនប្រកាន់រដូវ និងផ្តល់ផលនៅក្នុងរយៈពេលខ្លី ហើយមានរសជាតិក្រអូបស្ទើរតែដូចទៅនិងស្រូវផ្ការំដួលយើង។នៅក្នុងវគ្គនេះយើងជំរុញការផលិតពូជទៅលើស្រូវសែនក្រអូបនិងការចែកចាយពូជស្រូវOM ដែលជាពូជស្រូវមកពីប្រទេសវៀតណាមក្នុងតម្លៃសមរម្យជូនកសិករ។

លោក ឌិត ទីណា មានប្រសាសន៍ថា «នៅពេលពូជស្រូវនេះយើងផលិតបាន យើងនឹងធ្វើការងារចងក្រងឱ្យស្របទៅតាមទស្សនៈទានជាមួយនិងសហព័ន្ធស្រូវអង្ករកម្ពុជាដែលជាអ្នកកែច្នៃទិញស្រូវនេះឡើង។ដូចនេះអ្វីដែលជាទស្សនៈទានទៅមុខ ចេញពីវិស័យស្រូវអង្ករ ប្រជាពលរដ្ឋទៅថ្ងៃមុខបើគាត់ចូលរួមនៅក្នុងទស្សនៈទានថ្មីនេះ គាត់នឹងអាចមានទីផ្សារមុនពេលគាត់ចាប់ផ្តើមដាំដុះ គាត់ដឹងពេលគាត់ដាំហើយអាចលក់ជូនរោងម៉ាស៊ីនកិនស្រូវណាមួយ ក្នុងបរិមាណស្រូវប៉ុន្មាន»។

ពាក់ព័ន្ធនិងការជំរុញការផលិតពូជស្រូវនេះរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនេះ ទទួលបានការគាំទ្រជាខ្លាំងពីប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា យើងមានការគាំទ្រខ្លាំងហើយយើងបានចូលរួមជាយន្តការដោយធ្វើការជាមួយគ្នាហើយយើងបានពិភាក្សាទៅលើពូជស្រូវសែនក្រអូបនេះទាំងការប្រជុំផ្លូវការផងនិងការប្រជុំផ្តាស់ប្តូរបទពិសោធន៍ឬប្តូរយោបល់គ្នានៅលើការទំនាក់ទំនងជាប្រចាំថ្លៃ។

លោកឧកញ៉ា ចាន់ សុឃាំង សង្កត់ធ្ងន់ថា«បើកម្ពុជាជំរុញការផលិតពូជស្រូវល្អប្រណិតឱ្យបានច្រើនវានឹងជួយឱ្យប្រជាកសិករនៅក្នុងស្រុកកាត់បន្ថយថ្លៃដើមផលិតដោយក្នុងមួយហិកតានិងមានការថយចុះតាមរយៈពូជសុទ្ធ,យើងបានអង្ករប្រណិតរបស់យើងដែលមានប្រភពសុទ្ធនៃអង្ករនីមួយៗមានកម្រិតខ្ពស់ទៅតាមស្តង់ដាដែលយើងចង់បាន។លើសពីនេះទីផ្សារក៏មានតម្រូវការឬលក្ខណ្ឌទៅលើស្តង់ដាដែលគេចង់បានដូចគ្នា»។

បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថា ប្រភេទពូជស្រូវសែនក្រអូបនេះកម្ពុជាធ្លាប់បាននាំចេញកន្លងមកហើយ ហើយឃើញថាបរិមាណនៃនាំចេញបានច្រើននៅក្នុងកម្រិតប្រភេទពូជធំៗទំាង៣របស់កម្ពុជាដែលបាននាំចេញទៅ។ប៉ុន្តែនៅក្នុងនោះយើងបានបន្សុតពូជនេះឱ្យចេញទៅជាពូជថ្មីជាពូជសែនក្រអូបដដែល តែយើងដាក់ថា០១ មានន័យថាវាមានលក្ខណៈបន្សុត មានភាពសមក៏ដូចជាសម្រួលឱ្យប្រជាកសិករដែលធ្វើការដំាដុះនោះរឹតតែមានប្រសិទ្ធភាពនិងចំណាយទុនអស់តិចជាងមុន។

លោកឧកញ៉ា ចាន់ សុឃាំង មានប្រសាសន៍ថា នៅឆ្នំា២០២៣នេះយើងសង្ឃឹមថាការនាំចេញអង្ករទៅទីផ្សារខាងក្រៅនឹងមានភាពប្រសើរជាងឆ្នំាមុនៗ ព្រោះយើងនិងធ្វើសកម្មទីផ្សារនៅក្នុងតំបន់គោលដៅមួយចំនួនដែលបានកំណត់ទុក។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថាក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ ប្រទេស ដែលក្នុងនោះ ប្រទេសចិនរួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០ តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ឬស្មើនឹង ៣៥% ប្រទេសសមាជិកអាស៊ានចំនួន ៤ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្សី អ៊ុយក្រែន ។ល។ ចំនួន ២៧ ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន ដែលមានតម្លៃសរុបចំនួន ៤១៤.២៩ លានដុល្លារសហរដ្ឋអាមេរិក។

កម្ពុជា បាននាំចេញអង្ករក្រអូបប្រណិត បានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០ តោន ឬស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន៕ អត្ថបទ៖ ឧកញ៉ា សារេត