គម្រោងសាងសង់ផ្លូវថ្មីសន្លាងពីលើកំពូលភ្នំបូកគោ ទៅកំពង់សោម សម្រេចបាន ៤០គីឡូម៉ែត្រ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់លើកំពូលភ្នំបូកគោ ទៅខេត្តព្រះសីហនុ សម្រេចការស្ថាបនាបាន ប្រមាណជា៤០គីឡូម៉ែត្រហើយ គិតត្រឹម ខែមករា ឆ្នាំ២០២៣។នេះបើតាមការឱ្យដឹងលើហ្វេសប៊ុកផ្លូវការក្រុមហ៊ុន សុខាអចលនទ្រព្យ កាលពីថ្ងៃអង្គារម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា គម្រោងស្ថាបនាផ្លូវ ១ខ្សែតភ្ជាប់ពីឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ដែលទទួលខុសត្រូវដោយមហាសេដ្ឋីចំនួន ២រូប គឺអ្នកឧកញ៉ា សុខ គង់ ថៅកែក្រុមហ៊ុន សុខា គ្រុប ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប ឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ សម្របសម្រួលដោយលោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជា សុផារ៉ា។

លោក ជា សុផារ៉ា បានឱ្យដឹងថា ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីសន្លាងមួយនេះ គឺអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយលោកបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។

បើតាមឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា មុខព្រួញអ្នកឧកញ៉ា សុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម ចំណែកអ្នកឧកញ៉ា ម៉ុង ឫទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ទៅតភ្ជាប់គ្នា ដែលមានប្រវែងសរុប ៦១ គ.ម។ លោកបញ្ជាក់បន្ថែមថា នេះជាការសម្រួលដល់ការធើ្វដំណើរនិងការគាំទ្រដល់ការវិនិយោគ ឧទ្យានជាតិដ៏ពិសិដ្ឋ នេះ រងការខូចខាត និងខាតបង់ពេលវេលារាប់រយឆ្នាំ ដោយសារសង្គ្រាម៕