ការបង្កើតទីក្រុងបូកគោថ្មី នឹងជួយឱ្យការអភិវឌ្ឍនៅទីនោះមានភាពល្អប្រសើរខ្លាំងជាងតំបន់ផ្សេងៗ

សង្គម​និង​សេដ្ឋកិច្ច

ពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បង្កើត​តំបន់​បូកគោ​នៃ​ខេត្តកំពត​ជា​ក្រុង​បូកគោថ្មី​ដោយ​ត្រូវ​កាត់​យក​ឃុំ​ចំនួន​ ៣ ​ចេញ​ពី​ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ឃុំ​បឹងទូក ឃុំ​កោះតូច និង​ឃុំ​ព្រែកត្នោត ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងការបង្កើតក្រុងថ្មីនេះ នាយករដ្ឋបាលខេត្តកំពត លោក វិត វឌ្ឍនា មានប្រសាសន៍ថា៖ ការបង្កើតទីក្រុងបូកគោនៅក្នុងខេត្តកំពតនឹងជួយឱ្យការអភិវឌ្ឍនៅទីនោះមានភាពល្អប្រសើរខ្លាំងជាងតំបន់ផ្សេងៗទៀត ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក និងភ្លើ្លងជាដើម។ លើសពីនេះ តម្លៃដីនៅទីនោះក៏នឹងមានសន្ទុះខ្លាំងផងដែរ ដោយសារតែគេសង្ឃឹមថានឹងមានគម្រោងវិនិយោគមួយចំនួនចូលមកបោះទុននៅក្នុង និងនៅបរិវេណជុំវិញទីក្រុងបូកគោនេះ។

លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅកម្ពុជា បានថ្លែងថា៖ ជារឿងល្អបំផុតដែលរាជរដ្ឋាភិបាល បានបង្កើតក្រុងបូកគោថ្មី នៅក្នុងខេត្តកំពតដែលនឹងជួយលើកមុខមាត់ខេត្តមួយនេះ។ មិនតែប៉ុណ្ណោះ នឹងធ្វើឲ្យមានការរីកចម្រើនលើវិស័យសង្គមកិច្ច និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់បូកគោ។

លោកបានបញ្ជាក់ថា នៅពេលដែលបង្កើតក្រុងថ្មី សេដ្ឋកិច្ចនៅតំបន់នោះកាន់តែរីកចម្រើន ហើយការអភិវឌ្ឍន៍ផ្សេងៗ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងការរក្សាសន្តិសុខនៅតំបន់បូកគោរឹតតែមានភាពល្អប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា ទីក្រុងថ្មីនេះនឹងកាន់កាប់​ដី​ប្រហែល៥ភាគរយ​នៅក្នុង​ឧទ្យាន​ជាតិ​បូកគោ ឬ​ប្រហែល ៩.០០០ ហិកតា​៕