ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ខែមករា តម្លៃប្រេងសាំង៤២០០រៀល ខណៈប្រេងម៉ាស៊ូត៤៤០០រៀល

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ក្នុងតម្លៃប្រេងសាំងធម្មតាលក់ ៤២០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតវិញ៤៤០០រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈនេះដែរ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដើម្បីជួយ សម្រួល ដល់ជីវភាពរបស់ប្រជាជននិងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាគឺ ចំនួន ៦,៥ សេនដុល្លារក្នុង ១លីត្រ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ តម្លៃសាំង ៤.២០០រៀល/១លីត្រ ចំណែក ម៉ាស៊ូត ៤.៥៥០រៀល/១លីត្រ។

បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម មូលហេតុដែលធ្វើឱ្យថ្លៃប្រេងលើទីផ្សារអន្តរជាតិឡើងឬចុះ ព្រោះការ ផ្គត់ផ្គង់និងតម្រូវការបែងចែកទៅតាមតំបន់ព្រមទាំងនយោបាយរបស់អង្គការនៃក្រុមប្រទេសនាំប្រេងចេញ (OPEC) ជាដើម។

សូមជម្រាបថា កន្លងមកក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែ បានសហការគ្នា ចរចា ជាមួយក្រុមហ៊ុននាំចូលប្រេងទាំងអស់ ដើម្បីកំណត់រូបមន្តគណនាថ្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយយកតម្លៃមធ្យមភាគលើទីផ្សារសិង្ហបុរីធ្វើជាគោលសម្រាប់គណនា ថ្លៃលក់រាយ ទូទាំងកម្ពុជាក្នុងរយៈពេល១៥ ថ្ងៃម្ដង៕