សម្តេច ហ៊ុន សែន ពន្លឿនឱ្យសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួនពីរខ្សែ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ពន្លឿន​ការ​សិក្សា​គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ និង​ផ្លូវរថភ្លើង​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ​ដោយ​ត្រូវអភិវឌ្ឍ​លើ​ផ្លូវ​រថភ្លើង​ ដែល​មានស្រាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចតេជោ​​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ លើកឡើងនៅក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​​​​​ នា​ថ្ងៃ​ទី​១៣​ ខែ​​មករា ឆ្នាំ​២០២៣​នេះ​ ការអភិវឌ្ឍរថភ្លើងទាំងពីរខ្សែនេះ ដើម្បី​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​កាន់​តែ​សម្បូរ​បែប ​ជំរុញ​កំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និង​លើក​កម្ពស់​ជីវភាព​ប្រជាជន។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​ ពេលកន្លងទៅក៏ធ្លាប់បាន​ជំរុញ​ឱ្យ​មានការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ផ្លូវដែក​ដែល​មានស្រាប់​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ​ការ​កសាង​ផ្លូវ​រថភ្លើង​ថ្មី​ក្នុងស្រុក​ ​និង​តភ្ជាប់​ផ្លូវដែក​ទៅកាន់​ប្រប្រទេសជិតខាង។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ចំនួន​ ​៣​៨ខ្សែ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូបវ័ន្ត​ផ្សេងទៀត​ក្នុង​ក្រុង​សៀមរាប​ ​ខេត្ត​សៀមរាប​ កាលពីឆ្នាំ២០២២កន្លងទៅ បានលើកឡើងថា ​ផ្លូវ​រថភ្លើង​ពីរ​ខ្សែ​ដែល​មានស្រាប់​គឺជា​ខ្សែ​ប្រពៃណី​ដែល​រត់​ក្នុង​ល្បឿន​អតិបរមា​ ​៣​០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ​ហើយ​មិន​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​​​ដឹកជញ្ជូន​បានទេ​។​​ ជាមួយគ្នានេះ សម្តេចតេជោបាន​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​សហការ​ជាមួយ​វិ​ស័យ​ឯកជន​ ​ដើម្បី​កែ​លម្អ​ផ្លូវ​រថភ្លើង​ដែល​មានស្រាប់​ ​ទៅជា​ផ្លូវ​ល្បឿន​លឿន​។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា​ ​ខ្សែ​រថភ្លើង​ថ្មី​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​ដើម្បី​សម្រួល​ដល់​ការ​​​ដឹកជញ្ជូន​ទំនិញ​ ​និង​ការ​កៀរគរ​ប្រជាជន​ ​និង​តភ្ជាប់​ផ្លូវដែក​ជាមួយ​ខ្សែ​រថភ្លើង​ក្នុង​ប្រទេសជិតខាង​។​​

សូមជម្រាបថា កម្ពុជាមានផ្លូវ​ដែក​ពីរ​ខ្សែ​ ​ដែល​ចាប់ផ្តើម​ក្នុង​សម័យ​អាណានិគម​បាបារាំ។ ​ផ្លូវដែក​ត្រូវ​បាន​ជួសជុល​ឡើងវិញ​ ​មុននឹង​បន្ត​សេវា​ដឹកជញ្ជូន​ផ្លូវដែក​ឡើងវិញ​ក្នុង​ឆ្នាំ​ ​២​០​១​០​ ​ប៉ុណ្ណោះ​។​ ផ្លូវដែក​ភាគ​ខាងជើង​មាន​ប្រវែង​ ​៣​៨​៦​ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ (​ព្រំដែន​កម្ពុជា​-​ថៃ​) ​ហើយ​ត្រូវ​បាន​សាងសង់​ ​និង​ដំណើរការ​ចន្លោះ​ឆ្នាំ​ ​១​៩​២​៩​ ​ដល់​ ​១​៩​៤​២​។​ ​ផ្លូវដែក​ភាគ​ខាងត្បូង​ត្រូវ​បាន​សាងសង់​នៅចន្លោះ​ឆ្នាំ​ ​១​៩​៦​០​ ​ដល់​ ​១​៩​៦​៩​ ​និង​មាន​ប្រវែង​សរុប​ ​២​៦​៤​ គីឡូម៉ែត ដែលមានក្រុមហ៊ុន​ ​Royal​ ​Railway​ ​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ ​Royal​ ​Group​ ​គ្រប់គ្រង​ ​និង​ដំណើរការ​ផ្លូវដែក​ក្រោម​ការ​វិនិយោគ​សសម្បទាន។

នៅក្នុងផ្លូវដែកភាគខាងជើង ប្រទេសកម្ពុជាបានភ្ជាប់ផ្លូវដែកជាផ្លូវការទៅនឹងផ្លូវដែករបស់ប្រទេសថៃក្នុងឆ្នាំ ២០១៨។ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែនមិនត្រូវបានធ្វើឡើងចាប់តាំងពីពេលនោះមក៕