ក្នុងឆ្នាំ២០២៣នេះ កម្ពុជានឹងបញ្ជូនពលករបម្រើការងារក្នុងវិស័យកសិកម្ម ប្រមាណ១៥០០នាក់ទៅកូរ៉េ

សង្គម​និង​សេដ្ឋកិច្ច

នៅឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូនពលករ ទៅបម្រើការងារក្នុងវិស័យកសិកម្ម នៅប្រទេសកូរ៉េ រយៈពេល៥ខែតាមកម្មវិធីពលកររដូវកាលបរទេសប្រមាណ១៥០០នាក់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា ការបញ្ជូនពលករតាមរដូវកាលទៅបម្រើការងារនៅកូរ៉េនេះ ផ្តោតលើវិស័យកសិកម្មដូចជា ការដាំដំណាំ និងចិញ្ចឹមសត្វ។ ក្នុងនោះ ជ្រើសរើសចំនួនប្រមាណ៥០០នាក់ នៅក្នុងខែមីនា និងចំនួន១០០០នាក់ នៅក្នុងខែសីហា ។

ក្រសួងការងារ បានបញ្ជាក់ថា កម្មវិធីនេះ ជាការបំពេញបន្ថែមលើប្រព័ន្ធអនុញ្ញាតមុខរបរ(EPS) ហើយអាទិភាពត្រូវបានផ្តល់ដល់បងប្អូនដែលចេះភាសាកូរ៉េ និងធ្លាក់ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ(EPS-TOPIK)កន្លងមក។ លើសពីនេះ ពលករដែលចប់ការងារ៥ខែហើយ ពេលវិលត្រឡប់មកវិញនឹងត្រូវបានផ្តល់អាទិភាពទៅប្រកបការងារនៅក្រុង ស្រុកមួយផ្សេងទៀតដែលមានតម្រូវការ។ ដូចនេះជារៀងរាងរាល់ឆ្នាំម្នាក់អាចធ្វើការបានចំនួន១០ខែ។
ក្រសួងការងារ បានបញ្ជាក់បន្ថែមថា មុនពេលចេញដំណើរពលករក៏អាចដាក់ពាក្យប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ(EPSTOPIK) ដើម្បីត្រៀមត្រឡប់មកប្រឡងតេស្តភាសាកូរ៉េវិញ នៅពេលដែលអង្គភាពអភិវឌ្ឍន៍នៃធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ(HRD-Korea)កំណត់កាលបរិច្ឆេទនៃការប្រឡងពិតប្រាកដ។ គណៈកម្មកាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសតែមួយគត់ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ៕