ទូតម៉ាឡេស៊ីប្រចាំកម្ពុជា សន្យានាំអ្នកវិនិយោគមកសិក្សាគម្រោងវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសម៉ាឡេស៊ី បានសន្យានឹងកម្ពុជា ថានឹងនាំអ្នកវិនិយោគ និងអ្នកទេសចរ ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលកាន់តែស៊ីជម្រៅ ឈ្វេងយល់ សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។ ការសន្យារបស់ប្រទេសម៉ាឡេស៊ីបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ស្តីពីការជួញដូរមនុស្ស នៅសាលាខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងស្នងការនគរបាល នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបពិភាក្សានោះ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ប្រជាជនម៉ាឡេស៊ី មកធ្វើការស្នាក់នៅរយៈពេលវែងក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ មានប្រមាណ ៤៦៥នាក់ ស្រី ៩៥នាក់ បំរើការងារនៅ កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខុនដូរ សហគ្រាស រោងចក្រ គ្រឹះស្ថានសិក្សា សហគមន៍ និងប្រកបអាជីវកម្មជាដើម។

លោក ក៏បានលើកឡើងពីសក្កានុពលខេត្តព្រះសីហនុថា នៅក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រ ធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហុ មានដូចជាតំបន់អភិវឌ្ឍន៍ កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច ពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ ផ្លូវទឹក ផ្លូវគោក និងអាកាស ពិសេសកំពង់ ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវជាតិ និងវិស័យអចលនទ្រព្យ និងសំណង់ ជាដើម។

ដើម្បីជាការឆ្លើយតប ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថាខេត្តព្រះសីហនុ បានជួយសម្របសម្រួលប្រជាជនម៉ាឡេស៊ី មកធ្វើការនៅក្នុងខេត្តព្រះសីហនុច្រើន ហើយទន្ទឹមនឹងនោះ ក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍ផងដែរ។ លើសពីនោះ លោក ក៏បានសន្យាថា នឹងនាំអ្នកវិនិយោគ និងអ្នកទេសចរណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើតភាពស្និទស្នាលកាន់តែស៊ីជម្រៅ ឈ្វេងយល់លើការសិក្សាគម្រោងវិនិយោគនៅខេត្តព្រះសីហនុ នាពេលខាងមុខ។

បន្ថែមពីនោះ ភាគីទាំងពីរ ក៏មានការសង្ឈឹមយ៉ាងមុតមាំថា នឹងស្វែងរកវិធីសាស្រ្តកំណត់ទីតាំងជួយសង្រ្គោះជនរងគ្រោះ ពីការស្នើសុំកិច្ចសងការពីប្រទេសពាក់ព័ន្ធក្នុងការជួយសង្រ្គោះជនរងគ្រោះ ដើម្បីឈានទៅចាប់ខ្លួនជនឆបោក ជាពិសេសគឺចង់បានព័ត៌មានពិត និងបទពិសោធន៍ ក្នុងការចែករំលែកផ្សព្វផ្សាយដល់ប្រជាជនម៉ាឡេស៊ីផងដែរ។ ម៉្យាងទៀត រដ្ឋាភិបាលទាំងពីរនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ប្រឆាំងនឹងការជួយដូរមនុស្សប្រកបដោយប្រសិទ្ធិភាពនាពេលខាងមុខផងដែរ៕