បទវិភាគ៖​​ការចាប់ផ្តើមដ៏ល្អប្រសើរ​នៃការប្រើប្រាស់​ ក្នុង​បុណ្យ​​ចូលឆ្នាំថ្មីប្រពៃណី​​ចិន​នាំមក​នូវ​កម្លាំងជំ​រុញ​​ដល់​​សេ​​ដ្ឋ​​កិ​ច្ច​​​ពិភព​លោក

សង្គម​និង​សេដ្ឋកិច្ច

ចំនួនអ្នកធ្វើទេសចរណ៍នៅទូទាំងប្រទេសចិនគឺ៣០៨លាននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ក្នុងស្រុក៣សែន ៧ម៉ឺន៥ពាន់៨រយ៤៣លានយាន់ប្រាក់ចិន ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺ ៦ពាន់​៧រយ៥៨លានយាន់ប្រាក់ចិន ដែលបានកើនឡើង១១,៨៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយ​ចំនួនបុគ្គលិកចេញចូលដែនដែលទទួលការពិនិត្យពីស្ថាប័នគ្រប់គ្រងអន្តោប្រវេសន៍ទូទាំងប្រទេសចិនបានកើនឡើង១២០,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ល។ ទិន្នន័យនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី​ឆ្នាំថោះដែលចិនបាន​ប្រកាសថ្មីបំផុតទាំងនោះបានបង្កើតការចាប់ផ្តើមដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនឈាន​ចូលដំណាក់កាលថ្មី “ប្រទេសចិនដ៏មានភាពរស់រវើក”បានត្រឡប់មកវិញក្នុងពេលឆាប់ៗ ទិន្នន័យដ៏ល្អប្រសើរ​បានបង្ហាញពីកម្លាំងរស់រវើកនៃការប្រើប្រាស់របស់ចិន ។

ច្រើនឆ្នាំកន្លងទៅនេះ ការប្រើប្រាស់ជាកម្លាំងជំរុញធំទីមួយនៃសេដ្ឋកិច្ចប្រទេសចិន ។ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិន​ដែលបើកធ្វើនៅចុងឆ្នាំទៅមិញបានលើកឡើងយ៉ាងច្បាស់លាស់ថា នៅឆ្នាំ២០២៣ ត្រូវតម្កល់ទុកការស្តារឡើងវិញនិង​ពង្រីកការប្រើប្រាស់ជាការងារអាទិភាព ។

ទន្ទឹមនឹងការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនឈានចូលដំណាក់កាលថ្មី តំបន់នានាបានចេញវិធានការជំរុញការ​ប្រើប្រាស់​​មួយចំនួនដូចជាចែកចាយប័ណ្ណប្រើប្រាស់និងរៀបចំធ្វើ “បុណ្យទំនិញសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មី”ជាដើម ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិនក៏បានចាត់ទុកឆ្នាំ២០២៣ជា “ឆ្នាំជំរុញការប្រើប្រាស់”ផងដែរ ។

កត្តាច្រើនបែបយ៉ាងបានដើរតួនាទីចម្រុះ ដូច្នេះ “សប្តាហ៍មាស”នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះបានបង្ហាញពីតម្លៃ​​របស់​​វាម្តងទៀត ហើយពិភពលោកក៏បានចែករំលែកភាគលាភរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ ។

ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិនកាន់តែច្រើនឡើងៗបានចេញទៅបរទេសដើម្បីអបអរសាទរ “បុណ្យចូល​ឆ្នាំថ្មី​ចិន” ។ តាមទិន្នន័យនៃស្ថាប័នពាក់ព័ន្ធឱ្យដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំនួនសរុប​នៃ​​បញ្ជី​​ទិញ​សេវា​កម្មទេសចរណ៍នៅបរទេសរបស់អ្នកទេសចរចិនបានកើនឡើង៦៤០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានលើកឡើងថា ការមកដល់នៃអ្នកទេសចរចិនចំនួនរាប់លាននាក់នឹងជំរុញ​ឱ្យមុខ​របរសណ្ឋាគារ ទេសចរណ៍និងពាណិជ្ជកម្មទូទាំងពិភពលោកងើបឡើងវិញដោយនឹងនរ ។

ក្នុងនាមជាបង្អួចមួយសម្រាប់សង្កេតមើលទីផ្សារប្រើប្រាស់របស់ចិន ការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី​​ប្រពៃ​ណី​​​​​ចិន​​មានភាពកក់ក្តៅ ការនេះបាននាំមកនូវការចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់ជំរុញសេដ្ឋកិច្ចពេញមួយឆ្នាំ ក៏ដូច​​ជាបាន​បញ្ជាក់ម្តងទៀតថា លក្ខណៈពិសេសនៃទីផ្សារប្រើប្រាស់របស់ចិនដែលមានភាពធន់យ៉ាងខ្លាំងនិង​សក្តានុពល​​ដ៏គ្រប់​គ្រាន់​គឺមិនបានកែប្រែទេ ។

និយាយចំពោះសេដ្ឋកិច្ចពិភពលោក នេះជាដំណឹងល្អ ។ អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ព្យា​ករណ៍​កាល​ពីថ្ងៃទី២៥ខែមករាថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣នឹងធ្លាក់ចុះពីប្រហែល​៣ភាគរយ​នៅឆ្នាំ២០២២​ដល់១,៩ភាគរយ រីឯកំណើនសេដ្ឋកិច្ចចិននឹងឡើងដល់៤,៨ភាគរយ ។ វេបសាយកាសែត Financial Times របស់​អង់​គ្លេស​បាន​ចុះផ្សាយ​​អត្ថបទនៅពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីប្រទេសចិនបានកែសម្រួលវិធានការបង្ការជំងឺកូវីដ​១៩ អ្នកប្រើប្រាស់ទាំងឡាយបាននាំគ្នាទៅចំណាយលុយ ការប៉ាន់ប្រមាណចំពោះតម្រូវការដែលស្តុកទុកជាយូរណាស់មកហើយ នឹងក្លាយជា“ក្តីសង្ឃឹមនៃការស្តារសេដ្ឋកិច្ចសកលឡើងវិញ” ។

បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិនៅតែមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ មូលដ្ឋាននៃការស្តារសេដ្ឋកិច្ចចិនឡើងវិញ​​មិនសូវរឹងមាំទេ ប៉ុន្តែប្រជាជនចិនមានជំនឿចិត្តនិងសមត្ថភាពជំរុញឱ្យសេដ្ឋកិច្ចចិនឆ្នាំ២០២៣បន្តងើបឡើងវិញ ។ ការ​​ចាប់​ផ្តើមដ៏ល្អប្រសើរនៃការប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាទីចាប់ផ្តើមដ៏ល្អមួយ ហើយក៏បាននាំមកនូវកម្លាំង​ជំរុញដល់សេដ្ឋកិច្ចពិភពលោកដែលបាននិងកំពុងរងភាពលំបាកផងដែរ ៕

អត្ថបទ៖ Tagged