UNESCO ប្ដេជ្ញាបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

តំណាងអង្គការយូណេស្កូ (UNESCO)ប្រចាំកម្ពុជា បានបង្ហាញការប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ លោក ក៏បញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ លោក ក៏បានជម្រាបជូនសម្ដេចធិបតី អំពីការរួមចំណែករបស់យូណេស្កូ ក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ ។

បន្ថែមលើនេះ លោក បានសង្កត់ធ្ងន់ពីការបន្តភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមចំណែកដល់ការកសាងមូលធនមនុស្ស នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ​សម្ដេចធិបតី បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល៕ អត្ថបទ៖ហ្សាលីន