អ្នកជំនាញព្យាករណ៍ថា ក្នុងឆ្នាំ២០២៣ វិស័យសេវាកម្ម នឹងបន្តកើនឡើងក្នុងអត្រាប្រមាណ ៦,៦ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៣នេះ វិស័យសេវាកម្មនឹងបន្តងើបឡើងក្នុងអត្រាប្រមាណ៦,៦ភាគរយ ពីកំណើន ៤,៣ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ថវិកាសង្ខេបឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការព្យាករណ៍បានឱ្យដឹងថា ការងើបឡើងក្នុងវិស័យសេវាកម្មនេះ រួមមានអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងនឹងបន្តនិន្នាការងើបឡើងវិញ ដោយសារការផ្អែកលើការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលភ្ញៀវទេចរជាតិ ក៏ត្រូវបានរំពឹងថានឹងបន្តងើបឡើងជាមួយនឹងសន្ទុះលឿនជាងទេសចរណ៍អន្តរជាតិ។ នេះដោយសារ តែការដកចេញនូវរបាំងធ្វើដំណើរផ្សេងៗ និងការវិលត្រឡប់រកប្រក្រតីភាពវិញនៃសង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានោះ អនុវិស័យលក់រាយ-ដុំ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងផងដែរ ដោយសារការរំពឹងទុកនូវចំណូលរបស់ប្រជាជន និងការចាយវាយក្នុងស្រុក គួបផ្សំនឹងការផ្លាស់ប្តូរឥរិយាបថអាជីវកម្ម ក៏ដូចជាការទិញលក់បែបប្រពៃណី ជំនួសដោយការប្រើប្រាស់ឌីជីថល ដែលការណ៍នេះនឹងជំរុញបន្ថែមទៀតដល់សកម្មភាពប្រើប្រាស់ក្នុងស្រុកជារួម។ ចំណែកឯ អនុវិស័យដឹកជញ្ជូន និងគមនាគមន៍វិញ ក៏មានការបន្តងើបឡើង ដែលគាំទ្រដោយការបន្តកើនឡើងនៃការដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ នេះ ដោយសារការបន្តកើនឡើងនូវការប្រើប្រាស់អិនធឺណេត និងឌីជីថលក្នុងអាជីវកម្ម ជីវភាពប្រចាំថ្ងៃ ក្នុងគន្លងប្រក្រតីភាពថ្មី។

ដោយឡែក អនុវិស័យអចលនទ្រព្យ បានរំពឹងថា បន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនយឺត ដោយសារការរំពឹងទុកលើការបន្តងើបឡើងយឺតនៃលំហូរទុនវិនិយោគពីបរទេស និងកំណើនទាបនៃសកម្មភាពទិញ-លក់អចលនទ្រព្យជារួម។
បើតាមរបាយការណ៍ ក៏បានគូសបញ្ជាក់ថា ការដាក់ចេញ និងអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥»នឹងបង្កើនការវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធឌីជីថល ព្រមទាំងនឹងលើកកម្ពស់ការប្រើប្រាស់ទំនិញ និងសេវាឌីជីថលនៅកម្ពុជា ផងដែរ៕