កត្តាសាំងឡើងថ្លៃ ជះផលលំបាកដល់និស្សិតក្រីក្រ ដែលមកបន្តការសិក្សានៅភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

មួយរយៈពេលថ្មីៗចុងក្រោយនេះ និស្សិតមកពីតាមបណ្ដាខេត្តមួយចំនួន ដែលបានមកបន្តការសិក្សា​នៅរាជធានី​ភ្នំពេញ មានការត្អូញត្អែរច្រើន ចំពោះការឡើងថ្លៃនៃតម្លៃប្រេងសាំង ដែល​​បានបង្កផលវិបាក​ដល់សេដ្ឋកិច្ច​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃរបស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃ១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានបង្ហាញតម្លៃជាមធ្យមប្រេងឥន្ធនៈ​ថ្លៃលក់រាយ ពីថ្ងៃទី១ ដល់១០ ខែកុម្ភៈ ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៥០០រៀល/លីត សម្រាប់សាំងធម្មតា និង​តម្លៃ​ ៤.៦៥០រៀល/​លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ យ៉ាងណាមិញ តម្លៃនេះជាតម្លៃដ៏ថ្លៃមួយ សម្រាប់សិស្ស និស្សិតក្រីក្រ ដែលមកបន្តការ​សិក្សា​នៅរាជធានីភ្នំពេញ។

យុវតី​ម្នាក់​ឈ្មោះ​ ជា ស្រីនិត និស្សិត​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់សារព័ត៌មាន ឧកញ៉ាញូស៍ ថា កញ្ញាមកពីខេត្តបាត់ដំបង ហើយ​មកបន្តការសិក្សានៅភ្នំពេញ ស្នាក់នៅបន្ទប់ជួលជាមួយមិត្តភ័ក្កិនៅច្បារអំពៅ។ ពីបន្ទប់របស់កញ្ញាមកសាលារៀន មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ដែលក្នុងមួយខែថ្លៃសាំង កញ្ញា​ត្រូវ​ចំណាយ ២០ដុល្លារ ហើយ​ខែខ្លះអាចលើសនេះ។ បើគិតពីថ្លៃ ចំណីអាហារ និងការស្នាក់នៅទៀត យ៉ាងតិចក៏​ត្រូវ​ចំណាយ ១៣០ដុល្លារ​ក្នុងមួយខែ។ ចំណែកឯ​ចំណូលការងារក្រៅម៉ោងរបស់កញ្ញា​វិញ បានត្រឹមតែ១០០​ដុល្លារ​ប៉ុណ្ណោះ និងបានជំនួយពីអ្នកផ្ទះ ៥០ដុល្លារ​ក្នុងមួយខែៗ។ កញ្ញា ស្រីនិត ​បាន​បន្ត​ថា ខែខ្លះ​ខ្លួន​ត្រូវកាត់​បន្ថយ​ការញ៉ាំ ដើម្បីសល់លុយចាក់សាំងក្នុងការធ្វើដំណើរទៅសិក្សា និងទៅធ្វើការ។

រីឯយុវនិស្សិត​មួយ​រូប​ទៀត សុំមិនបញ្ចេញឈ្មោះ ជាសិស្សអាហាររូបករណ៍នៅសាកលវិទ្យាល័យកម្ពុជា បាន​​លើក​ឡើង​ផង​ដែរថា ក្នុងការរស់នៅប្រចាំថ្ងៃ លោក​បានចំណាយទៅលើថ្លៃសាំងអស់ច្រើនជាងគេ ថ្លៃសាំងមួយខែ​សឹង​តែស្មើនឹងថ្លៃបន្ទប់របស់ខ្លួន​ជួលទៅហើយ ព្រោះលោក​ត្រូវធ្វើដំណើរឆ្ងាយ ទាំងទៅសាលានិងកន្លែងធ្វើការ។ លោក បាន​បន្ថែម​ថា មិនមែនតែលោក​ទេ ដែលជួប​ផល​លំបាក​រឿងសាំងឡើងថ្លៃនេះ ក្នុង​នោះ​ក៏​មានមិត្តភ័ក្ក និងសិស្សនិស្សិតជា​ច្រើនទៀត បាន​ត្អូញ​ត្អែរ​ពី​បញ្ហានេះ​ដូចគ្នា។

សូម​ជម្រាប​ជូន​ថា ​​កន្លង​មក​រាជរដ្ឋាភិបាល ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា កត្តាសាំងឡើងថ្លៃ ជា​ការ​ឡើង​ថ្លៃ​​ជា​អន្តរជាតិ និង​ជា​សកល ហើយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្យាយាម​ជួយ​សម្រួល​តម្លៃ​​បន្ថែម​​ ​​​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​លំបាក​របស់​ប្រជាជន​ផងដែរ។ ដោយឡែក ​​សម្រាប់​និស្សិត​ក្រីក្រ ដែល​មក​ពី​បណ្តា​ខេត្ត​នានា ​​តែងទទួល​​បាន​ការ​លើក​ទឹកចិត្ត​ជាហូរហែពីរដ្ឋ។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត​៧​ពាន់​នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា ​បាន​បញ្ជាក់​ថា កម្ពុជា​គ្រោងបង្កើតកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់និស្សិតក្រីក្រ នៅតាមគ្រឹះស្ថានអប់រំរបស់រដ្ឋ នាចុងឆ្នាំនេះ ដើម្បីលើកកម្ពស់ធនធានមនុស្ស ហើយ​កម្មវិធីនេះ គឺរដ្ឋជាអ្នក​ទទួល​រ៉ាប់រង​សម្រាប់សិស្សក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា តាមសកលវិទ្យាល័យ ដើម្បីឱ្យពួកគេទទួលបានការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ​ផងដែរ៕