សមាគមផ្តល់សេវាហិរញ្ញវត្ថុក្នុងស្រុកអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នអំពីប្រាក់កម្ចីក្រៅផ្លូវការនិងតាមអនឡាញ

សង្គម​និង​សេដ្ឋកិច្ច

តំណាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការអំពាវនាវរួមគ្នាដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នអំពីប្រាក់កម្ចីក្រៅផ្លូវការ ដែលមានការផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនាពេលសព្វថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្ម ឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ” នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៣ នេះថា ទាក់ទងការផ្តល់ឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចំពោះស្ថាប័នដែលមានអាជ្ញាប័ណ្ណស្របច្បាប់ គឺគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ បានអនុវត្តតាមស្តង់ដា ដែលបានកំណត់ដោយច្បាប់ដូចជា ទាក់ទងនិងការផ្តល់ប្រាក់កម្ចីក្តី អត្រាការប្រាក់ក្តី និងការធ្វើកិច្ចសន្យាក្តី គឺបានអនុវត្តតាមច្បាប់ទាំងអស់។

លោកបន្តថា ស្របពេលការផ្តល់ឥណទានប្រកបដោយបរិយាប័ន្ន លោកក៏សង្កេតឃើញមានការផ្សព្វផ្សាយសេវាហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញមានច្រើន ក្នុងនោះប្រសិនការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញមានអាជ្ញាប័ណ្ណត្រឹមត្រូវ អតិថិជននឹងទទួលបានគុណប្រយោជន៍ ជួយដល់ពួកគាត់ទទួលបានឥណទានទាន់ស្របច្បាប់ និងទាន់ពេលវេលា ។ ប៉ុន្តែសព្វថ្ងៃភាគច្រើនមិនមានអាជ្ញាប័ណ្ណស្របច្បាប់នោះឡើយ ដែលបច្ចុប្បន្នការផ្សព្វផ្សាយតាមរបៀបនេះ គឺបានរងនូវការប៉ះពាល់យ៉ាងខ្លាំង ជាពិសេសអ្នកប្រកបអាជីវកម្មស្របច្បាប់ ហើយក្នុងនោះចំពោះអតិថិជន ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោកដោយប្រការផ្សេងៗ ដែលនាំឱ្យខាតបង់ប្រាក់កាសជាដើម។

ទាក់ទងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការនេះដែរ អនុប្រធានសមាគមធនាគារនៅកម្ពុជាលោក រ័ត្ន សោភ័ណ លើកឡើងថា ចំពោះវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលមានអាជ្ញាប័ណ្ណកំពុងធ្វើអាជីកម្ម គិតត្រឹមដំណាច់ឆ្នាំ ២០២២ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា គឺមានធនាគារពាណិជ្ជចំនួន ៦០, ធនាគារឯកទេសមានចំនួន ៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីសាធារណៈជន មាន ៥ ស្ថាប័ន, ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមានចំនួន ៨២, គ្រឹះស្ថានឥណទានជនបទ មានចំនួន ២២៤, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ មានចំនួន ១៦ អ្នកប្រតិបត្តិការភតិភាគីមានចំនួន ៥, គ្រឹះស្ថានផ្ដល់សេវាសងប្រាក់ទូទាត់មានចំនួន ៣៤ អ្នកផ្ដល់សេវាចែករំលែកព័ត៌មានចំនួន ១ ការិយាល័យតំណាងធនាគារបរទេសមានចំនួន ៦ និងអាជីវកម្មប្ដូរប្រាក់មានចំនួនជិត ៣ពាន់កន្លែង។

សូមបញ្ជាក់ថា៖ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍ ជម្រាបដល់សាធារណជន មិនឲ្យប្រើប្រាស់សេរាសេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងចាត់វិធានការស្របច្បាប់ ដើម្បីបង្ក្រាបការផ្ដល់ឥណទានខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់រូបភាព ទាក់ទិនទៅនឹងការផ្ដល់សេវាកម្មហិរញ្ញវត្ថុដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ កាលពីនៅថ្ងៃទី ៧ ខែ កុម្ភៈ កន្លងនេះ, ក្នុងនោះសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានចូលរួមផ្សព្វផ្សាយ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឱ្យកាន់តែទូលាយជូនដល់សាធារណជនបន្ថែម៕

អត្ថបទ៖សារេត