ដំណឹងល្អ! គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សារួចរាល់ហើយ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនធំៗចំនួន៣ នៃប្រទេសចិន បានប្រកាសថា គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ បានសិក្សារួចរាល់ហើយ។ នេះបើយោងតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាប្រទេសចិន កាលរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនធំៗចំនួន៣ នៃប្រទេសចិន រួមមាន៖ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited  បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ ក្នុងការពិនិត្យលទ្ធភាពបន្តវិនិយោគបន្ថែម លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា ខណៈក្រុមហ៊ុនទាំងបី ក៏បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្តផងដែរ។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងគម្រោងនេះដែរ បើតាមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ធ្លាប់បានអះអាងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសនៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងគ្រោងដាក់ជូនសម្តេចតេជោ ហ៊ុន សែន ពិនិត្យសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។

លោកថា បើពុំមានបញ្ហារាំងស្ទះណាមួយកើតឡើងទេនោះ គម្រោងនេះត្រូវបានរំពឹងថា នឹងអាចបើកការដ្ឋានសាងសង់នៅក្រោយការបោះឆ្នោតអាណត្តិក្រោយនេះ៕ អត្ថបទ៖ ពិសី