វិចិត្រករច្នៃរូបអង្ករ ស្នើអង្គភាពពាក់ព័ន្ធជួយផ្ដល់ជាចំណេះដឹងបន្ថែម តាមក្រមវិជ្ជាជីវៈ

សង្គម​និង​សេដ្ឋកិច្ច

គំនូរអង្ករ គឺជាគំនូរមួយដ៏ពិសេស ត្រូវការពេលវេលាអត់ធ្មត់ដោយយកគ្រាប់អង្ករខ្មែរពិតៗ មកកែច្នៃមាន​លក្ខណៈ​ប្លែកពិសេសជាងគំនូរធម្មតា។ នេះបើតាមការលើកឡើងពីជាងគំនូរ​អង្ករថ្លែងប្រាប់ ឧកញ៉ា ញូស៍ កាលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិចិត្រករ គឹម អេង បានលើកឡើងថា លោកស្រីប្រកបអាជីពគូររូបដោយយកគ្រាប់អង្ករខ្មែរមកច្នៃជាគំនូរនេះ ចាប់ពីឆ្នាំ២០១៥ ដែលកើតចេញពីគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោកស្រីផ្ទាល់ គឺលោកស្រី​ពុំធ្លាប់បាន​រៀន​ជំនាញ​ពីវគ្គបណ្ដុះបណ្ដាលណាមួយឡើយ។ ប៉ុន្ដែខណៈបច្ចុប្បន្ន លោកស្រីត្រូវការអ្នកជំនាញខាងឯកទេស​សិល្បៈ​វិជ្ជាជីវៈជួយបណ្ដុះបណ្ដាលពីក្រសួងពាក់ព័ន្ធ និងជួយគាំទ្របន្ថែមពីបងប្អូនប្រជាពលរដ្ឋ ក្នុងគោល​បំណង​ឱ្យមានភាពកាន់តែច្បាស់លាស់ពីការគូរ បច្ចេកទេសគូរ គុណភាពគំនូរ និងក្នុងន័យឱ្យកាន់តែសម្បូរបែប ជាពិសេសចូលរួមចំណែកបង្ហាញអំពីស្នាដៃ និងផលិតផលអង្ករខ្មែរ​ឱ្យអន្តរជាតិបានស្គាល់​ពីប្រទេសយើង​ទៀត​ផង។

ម្ចាស់គំនូរអង្ករលើកឡើងបន្តថា មូលហេតុនៃការយកអង្ករមកតម្រៀបជាគំនូរនេះ ក្នុងគោលបំណងចង់លើក​តម្កើង​​អង្ករខ្មែរមានតម្លៃខ្ពស់ជាងមុន គឺចង់ឱ្យគេដឹងថា អង្ករខ្មែរមិនត្រឹមតែសម្រាប់បរិភោគ និងប្រើប្រាស់​ជា​ចំណីសត្វប៉ុណ្ណោះទេ ប៉ុន្តែអង្ករក៏អាចយកមកច្នៃជារូបភាពដ៏ប្រណិតបានដែរ។ ម្យ៉ាងទៀត ក្នុងន័យជួយលើក​ទឹកចិត្ត​ប្រជាកសិករឱ្យខិតខំប្រកបរបរស្រែចម្ការឱ្យបានកាន់តែច្រើន និងខិតខំបង្កើនគុណភាពស្រូវ។

គួរបញ្ជាក់ថា ប្រភេទអង្ករដែលលោកស្រីយកមកប្រើដោយតម្រៀបជាគំនូរ ដែលភាគច្រើនយកមក​ពីខេត្ត​សៀមរាប​មានដូចជា ប្រភេទអង្ករដំណើបខ្មៅ អង្ករដំណើបស អង្ករនាងខុន អង្ករផ្កាម្លិះ អង្ករផ្ការំដួលជាដើម ជាពិសេសកម្ទេចអង្ករ ឬចុងអង្ករដែលចំណាំឃើញថា បងប្អូនប្រជាពលរដ្ឋតែងតែចោល ឬបាចឱ្យសត្វស៊ី ប៉ុន្តែលោកស្រីតែងតែជាវមកប្រើប្រាស់ជាជំនួយ ដើម្បីបំពេញបន្ថែមទៅតាមផ្នែកនៃគំនូរ។

វិចិត្រកររូបនេះ បន្តថ្លែងថា ដំបូងឡើយ លោកស្រីចំណាយប្រាក់ត្រឹមតែ ៥០០ដុល្លារអាមេរិក​ប៉ុណ្ណោះក្នុងការ​បើកអាជីពនេះឡើង ហើយលោកស្រីលើកឡើងថា ការងារនេះលំបាកណាស់ វាទាមទារឱ្យមានភាពអត់ធ្មត់ខ្ពស់ តស៊ូ ផ្ដោតអារម្មណ៍ឱ្យថ្នឹកលើគំនូរ និងទាមទារឱ្យមានភាពច្នៃប្រឌិតខ្ពស់ពីគំនូរមួយទៅគំនូរមួយ។

ទន្ទឹមនឹងនេះ ម្ចាស់គំនូរអង្ករ បានបន្តទៀតថា គំនូរនេះ ជាផលិតផលស្នាដៃកូនខ្មែរដែលសម្រាំងឡើង​យ៉ាង​យក​ចិត្តទុកដាក់បំផុត ដោយចំណាយពេល ១សប្ដាហ៍ទម្រាំបានរូបគំនូរមួយៗ ប៉ុន្តែរូបខ្លះដែលអតិថិជនកម៉្មង់ប្រើ​ពេលតែ ៣ទៅ៤ ថ្ងៃទេ ចំណែកឯតម្លៃគំនូរវិញមានចាប់ពី ៤០០០រៀល រហូតដល់ ៤០ម៉ឺនរៀលក្នុងមួយផ្ទាំង ដែលរូបគំនូរទំហំ A4 ក្នុងមួយផ្ទាំងតម្លៃ ១០ម៉ឺន ទៅ ១២ម៉ឺនរៀលផងដែរ។

ម្ចាស់គំនូររូបនេះ បង្ហើបថា លក្ខណៈពិសេសគំនូរអង្ករនេះ វាមានសោភណ្ឌប្លែកពីគំនូរគូរដោយខ្មៅដៃ និង​គំនូរ​ជីវចលថា គំនូរអង្ករលម្អពីគ្រាប់អង្ករមួយៗ នៃប្រភេទអង្ករទាំងអស់ គ្រាប់នីមួយៗវាស្អាត ភ្លឺចាំងដូចកញ្ចក់ គុណភាពល្អជាប់បានយូរពី១០ ទៅ ១៥ឆ្នាំ រំលេចរូបច្បាស់ៗតាមទេសភាពពិត និងការពារមិនឱ្យទទឹក​នាំឱ្យ​ខូចខាតឡើយ។

ជាមួយគ្នានេះ វិចិត្រករសុំមិនបញ្ចេញឈ្មោះម្នាក់បានលើកមកថា គំនូរជាសិល្បៈមួយមិនអាចខ្វះបាន វាបាន​ចូលរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ និងបង្កប់នូវលក្ខណៈប្រណិតស្អាតដែលលម្អភ្នែក ផ្លូវចិត្ត ផ្លូវអារម្មណ៍ឱ្យសប្បាយផងដែរ។ បន្ទាប់មក វិចិត្រករខាងលើលើកមកទៀតថា ការដែលមានធនធានមនុស្ស​ចេះជំនាញសិល្បៈគំនូរនេះ អង្គភាពឬក្រសួងពាក់ព័ន្ធគួរប្រមែប្រមូលមកបណ្ដុះបណ្ដាលបន្ថែមឱ្យលម្អិត និង​ត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងចូលរួមលើកស្ទួយនូវវប្បធម៌ដ៏សំខាន់នេះទុក ព្រោះវាកើតចេញពីទឹកដៃកូនខ្មែរ និងសុទ្ធសឹងជាស្នាដៃឯកកម្រនឹងមានអ្នកធ្វើ។

គួរបញ្ជាក់​ផង​ដែរ​ថា ក្រៅពីជាអ្នកគូរគំនូរគ្រាប់អង្ករ លោកស្រី គឹម អេងក៏ជាអ្នកលក់នំហាំប៊ឺហ្គឺ និងជាអ្នកលក់​អចលនទ្រព្យផ្នែកជួលផ្ទះថែមទៀតផង។ កាលថ្មីៗនេះ គំនូរអង្កររបស់លោកស្រី គឹម អេង ត្រូវបានស្ថាប័ន​សមាគម​សហគ្រិនស្ត្រីកម្ពុជាបានជួយគាំទ្រ និងទទួលស្គាល់ផងដែរ៕