សម្តេច ហ៊ុន សែន ផ្តល់ការព្យាបាលឥតគិតថ្លៃ ជូនកីឡាកររងរបួសដោយការប្រកួត នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសផ្តល់ការព្យាបាលឥតគិតថ្លៃ ជូនកីឡាករ កីឡាការិនី ដែលរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈហ្វេកបុកផេក នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយរងរបួស កីឡាករ កីឡាការិនី បានជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន ដោយរាប់ទាំងការលំបាក​លើ​ថវិកា លើការ​ព្យាបាល​ផង ដែលជា​ញឹកញាប់​ភរិយា​របស់​សម្តេច គឺសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​សម្រាប់​ការព្យាបាល​ចំពោះកីឡាករប្រដាល់​មួយចំនួន​ផងដែរ។

សម្តេចតេជោ បានបន្តថា ដោយមើលឃើញនូវការលំបាកបែបនេះ សម្តេចបាន​ពិភាក្សា​ជាមួយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដើម្បី​រៀបចំ​ទីកន្លែង​សម្រាប់​ព្យាបាល​កីឡាករ កីឡាការិនី​នៅ​មន្ទីរពេទ្យ​ជាតិ​តេជោសន្តិភាព ដែល​មាន​ចំនួន​គ្រែពី ១០០​ ទៅ​២០០គ្រែ។ ចំណែកឯការព្យាបាល​មិនតម្រូវ​ឲ្យមាន​ការបង់ប្រាក់​ និងត្រូវ​មានឯកទេស​គ្រប់គ្រាន់​ស្រប​តាម​ស្ថានភាព​របួស។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំ​ឲ្យក្រសួងសុខាភិបាល​រៀបចំ​ឲ្យបានឆាប់ ដែលនឹងអាចចូលរួម​ផងដែរ​ដល់ការ​ប្រកួត​សុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ៕