សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាពេញចិត្តជាខ្លាំងចំពោះការរកឃើញសាច់បង្កកមានគុណភាពទាបយកមកដាក់លក់ក្នុងស្រុក

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពីមន្ត្រីជំនាញស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងពាណិជ្ជកម្ម បង្ហាញសកម្មភាពចុះត្រួតពិនិត្យរកឃើញនៅសាច់បង្កករួមនិងផលិតផលមានដើមកំណើតពីសត្វផ្សេងទៀតដែលបាននាំចូលមកកម្ពុជា មិនមានឯកសារបញ្ជាក់ច្បាស់លាស់ និងមានគុភាពទាប ជាហូរហែមក ឃើញថា សមាមគមអ្នកចិញ្ចឹមសត្វកម្ពុជាបានសម្តែងការគាំទ្រ និងពេញចិត្តជាខ្លាំង ខណៈអ្នកចិញ្ចឹមសត្វនៅក្នុងវិស័យមួយនេះរងការខាតបង់ប្រាក់ដោយសារការនាំចូលសាច់បង្កកមកពីក្រៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការណ៍ពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា អាជ្ញាធរជំនាញពេលថ្មីនេះ បានចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានរកសាច់បង្កកពុំមានឯកសារបញ្ជាក់ច្បាស់លាស់ចំនួនជិត៤០០តោន ដែលរួមមានចុងសា្លបមាន់ គូទមាន់ សាច់មាន់កិន កោះមាន់ ជើងមាន់ សាច់ជ្រូក( មកពីប្រទេសស៊ីល  អ៊ីតាលី អាឡឺម៉ង់) ត្រចៀកជ្រូក សាច់ក្របី កន្សោមដោះក្របី ស្បូនជ្រូកនិងស្បែកជ្រូក។

 អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែបន្លំ ហៅកាត់ថា(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម កន្លងមកក៏បានចុះត្រួតពិនិត្យតាមឃ្លាំជាប្រចាំ និងបានរកឃើញមានសាច់បង្កកជាច្រើនប្រភេទមានគុណភាពទាប និងមិនមានលក្ខណៈស្របច្បាប់ជាច្រើនតោន ដែលបាននាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា។

ផ្អែកលើលទ្ធផលនៃកិច្ចខិតខំប្រឹងបែងរបស់មន្ត្រីជំនាញខាងលើ,សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានសេចក្តីត្រេកអរជាពន់ពេក និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ហើយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏មានសារសំខាន់ទាំងនោះ ពីព្រោះផលិតផលបង្កកភាគច្រើននៅប្រទេសដើមគេទុកសម្រាប់ផលិតចំណីសត្វតែប៉ុណ្ណោះ ហើយការនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារបញ្ជាក់ច្បាស់លាស់និងស្របតាមបទបញ្ញតិច្បាប់គឺពិតជាប្រឈមនឹងហានិភ័យខ្ពស់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ការឆ្លងរាលដាលជំងឺសត្វ ជាពិសេសផលិតផលបង្កកទាំងនោះនឹងត្រូវដាក់លក់ក្នុងតម្លៃយ៉ាងថោកលើទីផ្សារដែលនិងបំផ្លាញទីផ្សារនិងផ្តួលទីផ្សារសាច់សត្វរស់នៅក្នុងស្រុកយ៉ាងធ្ងន់ធ្ងរទៀតផង។

តែទន្ទឹមនិងនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានអំពាវនាវយ៉ាងទទួចដល់អាជីករនាំចូលសាច់បង្កកទាំងអស់ សូមគិតដល់សុខភាពសាធារណៈជាចម្បង និងសូមគិតដល់មោទនភាពជាតិដោយចូលរួមលើកកម្ពស់ ឬមិនបង្កបញ្ហាដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក និងមានសំណូមពរដល់បងប្អូនជនរួមជាតិ មេត្តាពិចារណាឱ្យបានដឹតដល់មុននឹងសម្រេចចិត្តទិញសាច់បង្កកដែលអត់មានប្រភពមកបរិភោគក្នុងគ្រួសារ ឬនាំសមាជិកក្រុមគ្រួសារមិត្តភក្តិទៅបរិភោគនៅកន្លែងលក់នានាដែលមានតម្លៃថោក តាមរយៈការប្រើប្រាស់សាច់បង្កកមានភាគុណភាពទាបទំាងនោះ។

បើតាមសេចក្តីថ្លែងការណ៍របស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលកំពុងដឹកនាំប្រកបដោយតម្លាភាពនិងមោទនភាពជាតិខ្ពស់ ណែនាំដល់មន្ត្រីជំនាញក្នុងក្រសួងឱ្យចូលរួមជំរុញ គាំពារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងទីផ្សារផលិតផលកសិកម្មក្នុងស្រុក ឱ្យមានភាពរឹងមាំ ស្ថិរភាព និងវឌ្ឍនភាព ក្នុងបរិបទទីផ្សារប្រកួតប្រជែង។ លើសពីនេះបានសម្តែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគិតិបណ្ឌិត ឈ្លាសវៃនិងមោទនភាពជាតិខ្ពស់ ជាពិសេសផ្តល់នូវអនុសាសន៍ដ៏មានតម្លៃនៅក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដែលមិនអនុញ្ញាតិឱ្យមាននាំចូលផលិតផលសាច់ដែលមានគុណភាពទាបមកក្នុងព្រះរាជាណាចក្រកម្ពុជា៕ តាកែវ