លោក ហួត ហាក់ ស្នើអ្នកមគ្គុទ្ទេសក៍ខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ ​បានជំរុញឱ្យមគ្គុទ្ទេសក៍ទាំងអស់ ខំអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។ នេះបើយោងតាមប្រសាសន៍លោករដ្ឋមន្ត្រី ហួត ហាក់ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបសម្រាប់ឆ្នាំ២០២៥ កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា មគ្គុទ្ទេសក៍ទាំងអស់ បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជាវិញ។

ទន្ទឹមគ្នានេះ លោកបានថ្លែងអំណរគុណមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស ដែលបានបំពេញការងារក្នុងវិស័យទេសចរណ៍ និងបានដើរតួនាទីជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏សកម្ម ព្រមទាំងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជា សំដៅលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោក ក៏បានស្នើសុំមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ជាប់ជាប្រចាំ។ បន្ថែមលើនេះ លោកសូមឱ្យមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់ មានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើឱ្យមានការចូលរួមផ្សព្វផ្សាយឱ្យបានស្រុះគ្នា និងទូលំទូលាយនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង តាមរយៈការផលិតមាតិកា និង ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិផងដែរ។

បើតាមក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ ធ្លាប់បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជាមានចំនួនជិត២លាននាក់ ពោលគឺកើនឡើងជាង ១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤៕ អត្ថបទ៖ ហ្សាលីន