ក្រសួង ចាប់ដៃជាមួយឯកជន ជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងផ្សព្វផ្សាយផលិតផលទៅកាន់ពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្មក្នុងការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមានការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែលបង្កើតដោយវិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជាមានលទ្ធភាពពង្រីកទៅកាន់ទីផ្សារក្រៅប្រទេសឱ្យកាន់តែទូលំទូលាយថែមទៀត។

ទន្ទឹមនឹងនោះលោករដ្ឋមន្រ្តីបានបង្ហាញនូវក្ដីរំពឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែក្នុងការជំរុញការងារពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសគឺការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ការការពារអ្នកប្រើប្រាស់ ការទាញយកប្រយោជន៍ពីបរិវដ្តកម្ម (Transformation of Digitalization) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0) ក៏ដូចជាការកសាងសមត្ថភាពរបស់មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សម្រាប់ការប្រឡូកក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើឡើងបន្ថែមទៀត។

លោក ប៉ាន សូស័ក្តី បានឲ្យដឹងថា ផ្អែកតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រេចនូវសមិទ្ធផលជាច្រើនដែលក្នុងនោះរួមមាន៖ ទី១-ការអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទី២-ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង ទី៣-ការចូលរួមចរចាក្នុងជំពូកស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងតំបន់ (RCEP) ហើយដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២២ ផងដែរ។

លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏បាននឹងកំពុងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អនូវហេដ្ឋរចនាសម្ព័ន្ធផ្នែកឌីជីថល និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ផងដែរ៕