ព្រះមហាក្សត្រ អំពាវនាវឲ្យពលរដ្ឋប្រើសិទ្ធិសេរីភាពបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះរាជអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់គ្នាក្នុងការជ្រើសរើសអ្នកដឹកនាំជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ បានបញ្ជាក់ថា ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គឺជាការបោះឆ្នោតជាទូទៅជាសកល ដោយសេរីត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ជាមួយគ្នានោះ ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានរាជបន្ទូលអំពាវនាវសូមកុំមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កំណត់​យក​ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ សំរាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប កាលពេលកន្លងទៅបានឲ្យ​ដឹង​ថា ការកំណត់​យក​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ គឺ​អនុលោម​តាមច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​សេចក្ដី​សម្រេច​លេខ ៤៦ ចុះ​ថ្ងៃទី​២៩ ខែមិថុនា របស់​រដ្ឋាភិបាល​កម្ពុជា៕