ទំហំពាណិជ្ជកម្មកម្ពុជា-មីរ៉ាតអារ៉ាប់រួម នឹងស្ទុះខ្លាំងថែមទៀត ក្រោយការចរចាកិច្ចព្រមព្រៀងជុំទី៣ បានបញ្ចប់

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-មីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមកិច្ចចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាផ្លូវការហើយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានធ្វើឡើងក្រោមវត្តមានលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និង ឯកឧត្តម ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសចាប់ផ្តើមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម  ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានវត្តមានរបស់ក្រុមការងារចរចារបស់ភាគីទាំងពីរសរុបប្រមាណ ១០០ រូប។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា បានឱ្យដឹងថា ដំណើរការចរចាលើកិច្ចព្រមព្រៀង Cambodia-UAE CEPA បានឈានដល់ការចរចាជុំទី៣ បន្ទាប់ពីភាគីទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កាក្នុងការចរចាជុំទី១ នៅអាប៊ុយដាប៊ី និងជុំទី២ នៅភ្នំពេញកន្លងទៅ។ លោកជំទាវថា ភាគីទាំងពីរបានគាំទ្រចំពោះបំណង ដែលភាគីទាំងពីរគ្រោងនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ឱ្យបានត្រឹមជុំទី៣នេះ និងឈានដល់ការប្រកាសបិទបញ្ចប់ការចរចាជាផ្លូវការនាពេលឆាប់ៗ ខាងមុខ។

លោកជំទាវបន្តថា៖«ភាគីទាំងពីរក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀង Cambodia-UAE CEPA នេះនឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន»។

ជាមួយគ្នានោះដែរ ឯកឧត្តម Juma AI Kait អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធផ្តល់ដោយភាគីកម្ពុជាកន្លងមក ខណៈឯកឧត្តមបានកត់សម្គាល់នូវសញ្ញាណជាវិជ្ជមានក្នុងពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៤០០ លានដុលា្លរអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០២១ និងរំពឹងថាកិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់កើនប្រសើរថែមទៀត។

គួរបញ្ជាក់ថា បើផ្អែកតាមវឌ្ឍនភាពការងារ ដែលសម្រេចបានចាប់តាំងពីការចរចាជុំទី២មក ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀង CAM-UAE CEPA អាចនឹងបញ្ចប់ទាំងស្រុងក្នុងការចរចាជុំទី៣នេះ រីឯការចរចាលើការបើកច្រកទីផ្សារនឹងអាចបញ្ចប់ ក្នុងអំឡុងអន្តរកិច្ចប្រជុំខាងមុខ ដែលអាចឱ្យភាគីទាំងពីរប្រកាសបញ្ចប់ការចរចា នាពេលខាងមុខ៕

អត្ថបទ៖​ពិសី