ឆេកគី និងប្រោន ជាសុនខ​របស់​​កម្ពុជាដំបូង ដែ​ល​​ចូលរួ​ម​​បេសក​​កម្ម​​រក្សា​សន្តិភាព នៅអាហ្វ្រិក​​កណ្តា​ល

សង្គម​និង​សេដ្ឋកិច្ច

ឆេកគី (Checki) និង ប្រោន (Brown) គឺជាសត្វសុនខរបស់កម្ពុជា ដំបូងដែលចេញបេសសកម្ម​ជាមួយ​កង​​កម្ទេចគ្រឿងផ្ទុះ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បី​ចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាព​របស់អង្គការសហ​ប្រជាជាតិ។ សុនខ​ហិតមីនចំនួន ២ក្បាលនេះ បានធ្វើដំណើរតាមយន្តហោះរួមជាមួយកង​កម្ទេច​គ្រឿង​ផ្ទុះ​លេខ៩៨ ចំនួន៩៨នាក់ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សុនខឈ្មោះ Checki កើតក្នុងឆ្នាំ២០១៩ មានសម្បុរពណ៌ត្នោត ទំងន់២៧,៥៤គីឡូក្រាម រីឯសុនខ​ឈ្មោះ Brown កើតនៅ​ក្នុងឆ្នាំ​២០២១ មានសម្បុរពណ៌ត្នោត ទំងន់២៧,២គីឡូក្រាម ។ សុនខទាំង​ក្បាលនេះ ជាសុនខស្ថិតក្រោមការមើលថែ និង​​បង្វឹក​ជំនាញ ដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

នៅក្នុងពិធីជូនដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ​នាយឧត្តម​សេនីយ៍ សែម សុវ​ណ្ណនី​ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា ប្រតិបត្តិការ​សន្តិ​ភាព គឺជាគោលការណ៍សកល បាននិង​កំពុង​​ដើរ​តួនាទីយ៉ាងសំខាន់ តាមរយៈ​ការចូលរួមពីគ្រប់​មជ្ឈ​ដ្ឋាន​ជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការ​ជួយដល់​បណ្តា​ប្រទេស ដែលរងគ្រោះដោយ​សារភ្លើង​​សង្គ្រាម ដើម្បីស្តារនីតិសម្បទាសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ ស្រប​តាមគោលការណ៍អង្គការសហ​ប្រជា​ជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់​ពិភព​លោកមួយដែលមានសន្តិភាព និងវឌ្ឍន​ភាព។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារី ជិត៨០នា​ក់ បាននឹងកំពុង​បំពេញ​បេសកកម្មរក្សាសន្តិភាព នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារ​​ណរដ្ឋអាហ្វ្រិកកណ្តាល ៕