កម្ពុជា-ជប៉ុន នៅតែបន្តរក្សាបានទំហំពាណិជ្ជកម្មជាង២ពាន់លានដុល្លារ នៅឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន នៅតែអាចបន្តរក្សាបានទំហំពាណិជ្ជកម្មប្រមាណជាង២ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ ខណៈភាគីទាំងពីរ នៅតែប្តេជ្ញាថា នឹងខិតពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែលូតលាស់ និងជម្រៅថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ។នេះបើតាមការឱ្យដឹង តាមរយៈពិធីបោះឆ្នោតជ្រើសរើសបេក្ខជន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំសេនដៃ ប្រទេសជប៉ុនចំនួន១៤រូប (ខ្មែរ៧ រូប និងជប៉ុន៧រូប)សម្រាប់ អាណត្តិទី១ លើកទី១ កាលថ្ងៃទី ២៤ កុម្ភះ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបោះឆ្នោតជ្រើសរើសបេក្ខជន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំសេនដៃ បានបធ្វើឡើងក្រោមវត្តមាន លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាប្រធានក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនកម្ពុជា នឹងភាគីពាក់ព័ន្ធសំខាន់ៗ ប្រមាណ ៧០ នាក់។

នាឱកាសនោះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ទំហំនៃការលូតលាស់ និងជម្រៅនៃកិច្ចសហប្រតិបត្តិការ បានតម្លើងពីភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នៅឆ្នាំនេះ ២០២៣ ដែលជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ចំពោះផ្នែកសេដ្ឋកិច្ចកម្ពុជា-ជប៉ុនវិញ លោកបានឱ្យដឹងដែរ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងពី ៩០៥ លានដុល្លារ នៅឆ្នាំ២០១៤ ទៅ ២,០១០លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ និងទោះជារងផលប៉ះពាល់ដោយកូវីដ ១៩ កម្ពុជាជប៉ុនបន្តរក្សាបានទំហំពាណិជ្ជកម្មប្រមាណ ២,៤៥៤ លានដុល្លារឆ្នាំ ២០២២ ដែលក្នុងនោះការនាំចូលពីកម្ពុជាមានទឹកប្រាក់ ១,៩៣៩ លានដុល្លារ និងការនាំចេញទៅកម្ពុជាមានទឹកប្រាក់ ៥១៥ លានដុល្លារ។

លើសពីនេះទៀត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរូបនេះ បានបញ្ជាក់ទៀតថា ក្រៅពីដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលកម្ពុជាមាន យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ដែលភារកិច្ចសំខាន់គឺ (១) ការជំរុញការនាំចេញពីកម្ពុជា មកជប៉ុន (២)ទាក់ទាញការវិនិយោគទុនពីជប៉ុនទៅកម្ពុជា (៣)លើកកម្ពស់ការធ្វើទេសចរជប៉ុនទៅកម្ពុជា និង (៤) ផ្លាស់ប្តូរវប្បធម៌ និងកីឡាទៅវិញទៅមកថែមទៀត៕