ពាណិជ្ជករកម្ពុជា-ជប៉ុន កាន់តែខិតជិតគ្នា ក្រោយការបោះឆ្នោតជ្រើសតាំង ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសជប៉ុន ជោគជ័យជាស្ថាបពរ

សង្គម​និង​សេដ្ឋកិច្ច

ពីសណ្ឋាគារ The Westin Tokyo ប្រទេសជប៉ុន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាសភាពគណៈកម្មការជាច្រើនរូបទៀត បានដឹកនាំការរៀបចំ បោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុនប្រកបដោយផ្លែផ្កា សម្រាប់អាណត្តិទី១ លើកទី១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក រស់ រាសី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំតំបន់សេនដៃ ប្រទេសជប៉ុន សម្រាប់អាណត្តិទី១ លើកទី១

កម្មវិធីរៀបចំការបោះឆ្នោតជាប្រវត្តិសាស្ត្រ បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន នាពេលនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតការិយាល័យតំណាង, ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន, មន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស សមាជិកសភាពាណិជ្ជកម្មកម្ពុជា រួមមាន៖ លោក ឧកញ៉ា ហេង បូរិន, លោកឧកញ៉ា ហ៊ួត ឈឿន និងក្រុមហ៊ុន សហគ្រាស អាជីវករ ជនជាតិជប៉ុន និងខ្មែរជាច្រើនរូប ចូលរួមជាសក្ខីភាពផងដែរ។

ជាលទ្ធផល ការបោះឆ្នោតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាខាងលើ បានដំណើរការប្រកបដោយរលូន និងស្របតាមនីតិវិធីកំណត់ ដោយមានអ្នកចូលរួមបោះឆ្នោតសរុបចំនួន ៣៧នាក់ ស្មើនឹង៨៨,១០% នៃសមាជិកចុះឈ្មោះបោះឆ្នោតចំនួន៤២នាក់។ បេក្ខជនដែលជាប់ឆ្នោតជាប្រធានគឺ លោក រស់ រាសី ជាជនជាតិខ្មែរ-ជប៉ុន និងមានតួនាទីជាអគ្គនាយកក្រុមហ៊ុន Shin Fuji Soji CO., LTD។ ទន្ទឹមនឹងនោះ ក៏មានបេក្ខជនចំនួន ៤រូប ផ្សេងទៀត បានជាប់ជាអនុប្រធាន និង ៩រូប ទៀត បានជាប់ជាសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន សម្រាប់អាណត្តិទី១ លើកទី១។

ថ្លែងក្នុងឱកាសបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំបោះឆ្នោតបានលើកឡើងពីសារៈសំខាន់នៃការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ដែលអាចពង្រីកវិសាលភាពនៃការវិនិយោគរបស់ភាគីជប៉ុនមកកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែទូលំទូលាយ និងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារប្រទេសជប៉ុន។

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

មានមតិសំណេះសំណាល និងចូលរួមអបអរសាទរ ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាជាវត្តិសាស្ត្រ ប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖ ការបោះឆ្នោតសម្រាប់អាណត្តិទី១ លើកទី១ ជ្រើសតាំងប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាលើកនេះ គឺជាប្រវត្តិសាស្ត្រ សម្រាប់សភាពាណិជ្ជកម្មកម្ពុជាផ្ទាល់ ហើយការិយាល័យតំណាងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាពរវាងអ្នកវិនិយោគិនកម្ពុជា និងអ្នកវិនិយោគិនជប៉ុន ឱ្យកាន់តែខិតជិតគ្នា ឈានទៅសម្រេចផែនការទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាក់ជាមិនខាន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

របាយការណ៍ទំហំពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងជប៉ុន បង្ហាញថា ការនាំ​ទំនិញ​ចេញ​ចូល​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន​សរុប​ជិត១,៩៥​ពាន់​លាន​ដុល្លារ កើន​ជាង១២​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​មុន។ ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ ការនាំចេញទំនិញពី​កម្ពុជា​ទៅ​ជប៉ុន​មាន​ចំនួន​ជាង ១,១៧​ ពាន់​លាន​ដុល្លារ​៕