កម្ពុជាផ្ទេរវ៉ាក់សាំងបង្ការកូវីដ១៩ ១៥លានដូសទៅឲ្យប្រទេសចិនវិញ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី៧មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេចផ្ទេរវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទៅដល់រដ្ឋាភិបាលចិនវិញចំនួន១៥លានដូសដែលមិនទាន់បានដឹកមកដល់ប្រទេសកម្ពុជា។ សម្តេចតេជោលើកឡើងថាការសម្រេចនេះដោយសារកម្ពុជាបច្ចប្បន្ននៅសល់វ៉ាក់សាំងកូវីដ-១៩ចំនួន៦លានដូសដែលមិនទាន់បានចាក់ជូនដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋកម្ពុជាចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩កាន់តែបន្តថយចុះជាបន្តបន្ទាប់ ហើយប្រសិនបើកម្ពុជាបន្តទុកវាអាចប៉ះពាល់ដល់គុណភាពវ៉ាក់សាំង ដូច្នេះកម្ពុជាសម្រេចផ្ទេរទៅកាន់ប្រទេសចិនវិញ ដើម្បីយកទៅជួយដល់ប្រទេសមួយចំនួនដែលកំពុងខ្វះខាតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។

ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៦ ខែមីនា ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ សម្រាប់ កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។​ ជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៧%៕