កម្ពុជា បំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជា បានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន។ នេះយោងតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុង«សន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣» លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹង ការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។

លោកលើកឡើងថា ការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា ដែលនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ។ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាអនុវត្តផែនការសកម្មភាពទីក្រុងដូហា ដោយភ្ជាប់ខ្លួននឹងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើរឡើង រួមបញ្ចូល ភាពធន់ និងនិរន្តរភាព ជំរុញសេដ្ឋកិច្ចបៃតង និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។

បើតាមលោក ប៉ាន សូរស័ក្តិ ថា តម្រូវការក្នុងការពង្រីកប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជា បើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទានបៃតង។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានលើកយកផែនការសកម្មភាពជាគន្លឹះទាំង៦ នៃទីក្រុងដូហាមានដូចជា (១) ការវិនិយោគលើមនុស្សក្នុងប្រទេស LDCs; (២)ការប្រើប្រាស់វិទ្យាសាស្ដ្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទប់ទល់នឹងភាពទន់ខ្សោយនិងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; (៣)គាំទ្រការកែទម្រង់ស្ថាប័នឱ្យក្លាយជាចលករនៃភាពចម្រើនរុងរឿង; (៤)លើកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃប្រទេស LDCs និងសមាហរណកម្មតំបន់; (៥)ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់នៃ Covid-19 ព្រមទាំងការកសាងភាពធន់នឹងវិបត្តិនានា, និង (៦)ពង្រឹងសាមគ្គីភាពអន្ដរជាតិ និងភាពជាដៃគូពិភពលោក៕ អត្ថបទ៖សារេត