គិតត្រឹមខែមករា ឆ្នំា២០២៣ មានប្រជាពលរដ្ឋជិត៤លាននាក់​បានខ្ចីប្រាក់នៅក្នុងប្រព័ន្ធធនាគារ

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រីជំនាញជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ក្រៅពីបានអះអាងថាប្រព័ន្ធធនាគារនៅកម្ពុជាមកដល់បច្ចុប្បន្នបន្តមានសុខភាពល្អនិងមានដើមទុនរឹងមំា បើគិតត្រឹមខែមករា ឆ្នំា២០២៣កន្លងទៅនេះ គឺមានប្រជាពលរដ្ឋឬអតិថិជនខ្ចីប្រាក់មានជិត៤លាននាក់។
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ក្នុងពិធីសម្ពោធធនាគារមួយកាលថ្ងៃទី១៤ ខែមីនានេះថា វិស័យធនាគារ និងហិរញ្ញវត្ថុ មានតួនាទីយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទស្សនៈវិស័យនិងយុទ្ធសាស្ត្រតម្រង់ទិស ច្បាប់អភិវឌ្ឍន៍ច្បាស់លាស់សម្រាប់វិស័យធនាគារដើម្បីបង្កើតនៅកាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងបរិយាប័ន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រ័ត្ន សុវណ្ណនរៈ គូសបញ្ជាក់ថា«ប្រព័ន្ធធនាគារនៅពេលបច្ចុប្បន្នមានសុខភាពល្អហើយស្ថានភាពដើមទុនរឹងមំា សន្ទនីយភាពគ្រប់គ្រាន់ ហើយឥណទានមិនដំណើរការមានកម្រិតទាប។ តួយ៉ាងគិតត្រឹមបំណាច់ខែមករាឆ្នំា២០២៣កន្លងមកនេះ ទំហំទ្រព្យសកម្មសរុបនៅក្នុងប្រព័ន្ធធនាគារមានប្រមាណ៧៨,៧ប៊ីលានដុល្លារអាមេរិក មានកំណើន១២,៥%។ ក្នុងនោះឥណទានសរុបមាន ៥៥,២ប៊ីលានដុល្លារអាមេរិកមានកំណើន១៧,៣% ផ្តល់ដល់អតិថិជនខ្ចីប្រាក់ចំនួន៣,៨លាននាក់និងគណនីប្រាក់បញ្ញើរ ១៥,៨លានគណនីក្នុងទំហំប្រាក់បញ្ញើរសរុប ៤២,៧ប៊ីលានដុល្លារអាមេរិក មានកំណើន៩% និងមានបណ្តាញប្រតិបត្តិការនៅទូទំាងផ្ទៃប្រទេស»។
លោកលើកឡើងថា ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យបន្តរក្សាបានភាពធន់និងភាពរឹងមំានិងវឌ្ឍនៈភាពនៅក្នុងប្រព័ន្ធធនាគារតាមរយៈពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ប្រកបទៅដោយទំនើបកម្មនិងការដាក់ចេញនៅម៉ាក្រូប្រុងប្រយ័ត្ននានាជាបន្តបន្ទាប់និងទាន់ពេលវេលាដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើប្រព័ន្ធធនាគារក៏ដូចជាបង្កើតភាពធន់និងវិបត្តិនិងកាត់បន្ថយបានហានិភ័យបានជាប្រព័ន្ធ។
ការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅតែជាការងារអាទិភាពដែលត្រូវអនុវត្តស្របតាមនិយាមថ្មី នៃការត្រួតពិនិត្យផ្អែលើហានិភ័យនិងទស្សនៈអនាគតគួបផ្សំនិងការបន្តអនុវត្តការងារបរិយាប័ន្ន ហិរញ្ញវត្ថុដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពដល់ប្រជាជន ក្នុងការទទួលបាននៅការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ទាន់ពេលវេលាសមស្របតាមតម្រូវការ មានតម្លៃសមរម្យនិងមានកិច្ចការពារតាមផ្លូវច្បាប់ដែលជាលទ្ធផលនិងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។


បើតាមឧបការីទេសសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា «ដើម្បីពង្រឹងភាពធន់និងរក្សាស្ថិរភាពនៅក្នុងប្រព័ន្ធធនាគារទំាងមូល ធនាគារជាតិនៃកម្ពុជាបន្តដាក់ចេញក្របខណ្ឌ បទប្បញ្ញាតិប្រុងប្រយ័ត្ននានាស្របតាមនិយាមនិងឧត្តមមានុវត្តអន្តរជាតិ ពិសេសស្របតាមបរិបទនៃការរីកចម្រើនៃវិស័យធនាគារនៅកម្ពុជា។វិធីសាស្ត្រនៃការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបានពង្រឹងជាបន្តបន្ទាប់ដែលបច្ចុប្បន្នយើងកំពុងអនុវត្តតាមវិធីសាស្ត្រត្រួតពិនិត្យផ្អែកលើហានិភ័យ ទស្សនៈអនាគត តាមការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ការវាយតម្លៃប្រសិទ្ធភាពនៃអភិបាលកិច្ចនិងវាយតម្លៃលើហានិភ័យសំខាន់ៗដែលអាចនិងកើតមានឡើង»៕អត្ថបទ៖សារេត