ឯកអគ្គរដ្ឋទូតចិន៖ ខ្សែភាពយន្ត”ស្នាមញញឹមកម្ពុជា”គឺ​ជា​​អំ​ណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជា ចិន

សង្គម​និង​សេដ្ឋកិច្ច

ខ្សែភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” រៀបចំឡើងដោយ វិទ្យុមិត្តភាពកម្ពុជា ចិន នៃអគ្គស្ថានីយ វិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន ដោយមានកិច្ចសហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បាន​ធ្វើពិធី​សម្ពោធការចាក់បញ្ចាំង នៅ​រសៀល​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពយន្តឯកសារនេះ មានចំនួនបីភាគ ដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយផ្តោតលើប្រជាជន​​ទូទៅ នៅ​កម្ពុជា បង្ហាញពី​លទ្ធផល​ជាផ្លែផ្កា​ដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការ​រួមគ្នាកសាងសហគមន៍ជោគវាសនារួម​នៃមនុស្ស​ជាតិ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភា​ពរស់នៅ​​របស់ប្រជាជនកម្ពុជា ។ ស្របគ្នានឹងឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃការ​បង្កើតទំនាក់ទំនង​ការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំ មិត្តភាពកម្ពុជា ចិន និងជាខួបគម្រប់១០ ឆ្នាំនៃការ ដាក់ចេញនូវ​គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា ខ្សែភាពយន្ត”​ស្នាមញញឹម​កម្ពុជា​” គឺជាអំណោយ​ដ៏ថ្លៃថ្លា​សម្រាប់ឆ្នាំមិត្តភាពកម្ពុជា ចិន ជឿជាក់ថាក្រោមការដឹកនាំជា​យុទ្ធសា​ស្ត្រ​របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការ​ខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាង​សហគមន៍​ជោគវាសនារួមកម្ពុជាចិននាយុគសម័យថ្មី នឹងមិន​ត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែ​ប្រសើរ​​ឡើង​សម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទី​កាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានថ្លែងបញ្ជាក់ដែរថា​ទំនាក់ទំនង​និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសកម្ពុជា និងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន មានប្រវត្តិយូរអង្វែង​ណាស់​មកហើយ ហើយការផ្សព្វផ្សាយ​ខ្សែ​ភាព​​យន្ត ”ស្នាមញញឹម កម្ពុជា ”លើកនេះបានចូលរួមជា​កម្លាំងប្រព័ន្ធ​ផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មីនៅក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រទេសទាំងពីរ កម្ពុជា ចិន ក៏ដូច ជាដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ ជោគវាសនារួមកម្ពុជា ចិន ប្រកបដោយ​គុណ​ភាពខ្ពស់ កម្រិតខ្ពស់ស្ដង់ដារខ្ពស់នៅក្នុងយុគសម័យថ្មី ។

គួរបញ្ជាក់ថា ខ្សែភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” គឺផ្តោតសំខាន់លើជីវភាព របស់ប្រជាពល​រដ្ឋទូទៅ​នៅប្រទេស​កម្ពុជា ដោយបាន​​រៀបរាប់ពីកិច្ចសហប្រតិបត្តិការដែលមានផល ប្រយោជន៍ឱ្យគ្នា​ទៅវិញទៅមករវាង ប្រទេសចិន និង​កម្ពុជា និងរឿងរ៉ាវពិត និង រស់រវើកនៅក្នុងវិស័យ “ហេដ្ឋារចនា​​សម្ព័ន្ធ” “សេដ្ឋកិច្ច” និង”វប្បធម៌” និងបានកត់ត្រានូវ​សមទ្ធិផលនៃ​ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា​លើវិស័យ​​​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ព្រមទាំងបំណងប្រាថ្នាចង់បាន​​ជីវភាពកាន់តែល្អប្រសើររបស់ប្រជាជន​កម្ពុជា ៕