អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានកត់សម្គាល់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយCICA ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

នេះបើយោងតាមប្រសាសន៍របស់ លោក កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ក្នុងពេលជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានកត់សម្គាល់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយCICA ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិសុខ សន្តិភាព នៅក្នុងពិភពលោកដែលតួនាទីរបស់កម្ពុជាគឺជាតួនាទីដ៏សំខាន់ក្នុងកិច្ចការងាររបស់ CICA។ ជាមួយគ្នានេះ លោក គ៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌកម្ពុជានិង CICA ទាំងក្នុងវិស័យទេសចរណ៍ វិស័យអប់រំ វិស័យពាណិជ្ជកម្ម ក្នុងការពង្រីកទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនៃបរិបទកម្ពុជាជាមួយ CICA និងបណ្ដាសមាជិករបស់ CICAផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ហើយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ី រួមទាំងលើពិភពលោក។សម្ដេចបានលើកឡើងថា តាមរយៈវេទិកា CICA គឺបានរួមចំណែកក្នុងការតភ្ជាប់គ្នារវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីកណ្ដាល តួយ៉ាងដូចជានៅបណ្ដាប្រទេសកៀគីស្ថាន និងអាស៊ែបៃហ្សង់ជាដើម ដែលជាការពង្រឹងការតភ្ជាប់គ្នារវាងអាស៊ីអាគ្នេយ៍ជាមួយនឹងអាស៊ីកណ្ដាលដែលជាផ្នែកក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបណ្ដាប្រទេសនៅតំបន់អាស៊ីរបស់យើង។

សូមជម្រាបដែរថា តាមេតយៈជំនួបខាងលើ មន្រ្តីជាន់ខ្ពស់ CICA ក៏បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោតាំងពីនៅជានាយករដ្ឋមន្ត្រី ជាពិសេសការកសាងសន្តិភាពនៅកម្ពុជា រួមទាំងលើឆាកអន្តរជាតិ តាមរយៈការចូលរួមជាមួយអង្គការអន្តរជាតិនានា រួមមានទាំងអាស៊ាន ជាពិសេសបានចូលរួមចំណែកជាមួយអង្គការផងដែរ៕ អត្ថបទ៖ហ្សាលីន

