ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មរវាងកម្ពុជា-ប៊ុលហ្គារី សម្រេចបានប្រមាណជាង ៨លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ប៊ុលហ្គារី សម្រេចបានប្រមាណជាង ៨លានដុល្លាអាមេរិក កើនឡើងប្រមាណ៧៨%។ នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងលោកស្រី ម៉ារីនេឡា ផេកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណប៊ុលហ្គារីប្រចាំកម្ពុជា នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះភាគីទាំងពីរបានកត់សម្គាល់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៨,១លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤លានដុល្លារអាមេរិក។ ក្នុងនោះ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅកាន់ ប៊ុលហ្គារី រួមមាន សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម។ រីឯទំនិញនាំចូលមកកម្ពុជាវិញ រួមមាន ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ ជាដើម។

ជាមួយគ្នានោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ទន្ទឹមនឹងនោះ លោកស្រី ម៉ារីនេឡា ផេតកូវ៉ា ក៏បានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែម លើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត ផងដែរ៕