ការផ្តល់សេវាតាមរយៈច្រកចេញ-ចូលតែមួយក្នុងខេត្តព្រៃវែង បានជិត៩ម៉ឺនសេវា ត្រឹមរយៈពេល៥ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៥ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ២០១៨ -២០២២ ការផ្តល់សេវាតាមរយៈច្រកចេញ-ចូលតែមួយក្នុងខេត្តព្រៃវែង បានជិត៩ម៉ឺនសេវា។ នេះបើតាមលទ្ធផលសំខាន់ៗរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តនេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា សុមេធី អភិបាល នៃគណៈអភិបាល​ខេត្ត​ព្រៃវែង បានឱ្យដឹងថា យន្តការសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋមាន ០៣ថ្នាក់ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ។

ជាមួយគ្នានេះ លោកថា ដោយផ្អែកតាមស្មារតីនេះរដ្ឋបាលខេត្ត បានរៀបចំអគារអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ដែលផ្តល់សេវាលើ ១៤វិស័យ ការិយាល័យច្រកចេញចូលតែមួយ ១៣ក្រុង-ស្រុក ផ្តល់សេវាលើ ១៣វិស័យ និងបានដាក់ឱ្យ ដំណើរការយន្តការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅតាមសាលាឃុំ-សង្កាត់ទាំង ១១៦ នៅក្នុងខេត្ត តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។

លើសពីនេះ ការផ្តល់សេវាតាមយន្តការច្រកចេញ-ចូលតែមួយ ត្រូវបានទទួលការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំសេវា ដោយរាជរដ្ឋាភិបាលបានបង្ខិតសេវាឱ្យ កាន់តែកៀកជិតប្រជាពលរដ្ឋ និងនីតិវិធីមានលក្ខណៈសាមញ្ញ តម្លាភាព គណនេយ្យភាព ភាពជឿជាក់ ទុកចិត្តបាន និងគ្មានអំពើពុករលួយ។ ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំ(២០១៨-២០២២) ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រក ចូលតែមួយក្នុងខេត្តសរុបចំនួន៨៦,៦៤៣សេវា និងទទួលបានចំណូលសរុប២,០២លានដុល្លាផងដែរ។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារគ្រប់គ្រងច្រកទ្វារព្រំដែនវិញ ខេត្តព្រៃវែង មានព្រំប្រទល់រដ្ឋបាលជាប់នឹងខេត្តចំនួន០៣ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺខេត្តតៃនិញ ខេត្តឡុងអាន និងខេត្តដុងថាប់ ។

ដោយក្នុងនោះដែរ ខេត្តនេះ មានច្រកទ្វារព្រំដែន ឆ្លងកាត់ចំនួន០៦ គឺច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី កោះរកាម៉ឺនជ័យ ច្រកទ្វារ ព្រំដែនទ្វេភាគីកោះសំពៅ និងច្រកទ្វារតំបន់ព្រំដែនពាមមន្ទារ ស្វាយអាង៉ោង។

យ៉ាងណាមិញ បើតាមលោកអភិបាលខេត្តព្រៃវែង អះអាងដែរថា ចំពោះកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងអាជ្ញាធរ និងសមត្ថកិច្ចទាំងសងខាង ខេត្តក៏បានយកចិត្តទុកដាក់ ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហការល្អ ក្នុងគោលដៅពង្រឹងការងារសន្តិសុខ សេដ្ឋកិច្ច ការប្រកបរបរ អាជីវកម្ម របស់ប្រជាពលរដ្ឋ និងការងារអភិវឌ្ឍព្រំដែនមិត្តភាព សន្តិភាពឱ្យបានកាន់តែល្អប្រសើរ៕ អត្ថបទ៖​ពិសី