រដ្ឋមន្ត្រីការពារជាតិអាមេរិក មានជំងឺមហារីកក្រពេញប្រូស្តាត

អន្តរជាតិ

កាលពីថ្ងៃទី០៩ ខែមករា ក្រុមគ្រូពេទ្យបានទម្លាយឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងសម្រាកព្យាបាលជំងឺស្ងាត់ៗនោះ គឺកំពុងមានជំងឺមហារីកក្រពេញប្រូស្តាត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន FirstPost។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Austin ត្រូវបានពិនិត្យឃើញពីជំងឺមហារីកនេះ អំឡុងពេលធ្វើការពិនិត្យសុខភាពជាប្រចាំ ហើយក៏ទទួលបានការវះកាត់តូចមួយកាលពីថ្ងៃទី២២ ខែធ្នូផងដែរ ប៉ុន្តែនៅថ្ងៃទី០១ មករា លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាថ្មីម្ដងទៀត បន្ទាប់ពីមានអាការៈឈឺចាប់ខ្លាំង នៅផ្នែកត្រគៀក និងជើង។

ឆ្លងកាត់ការវិនិច្ឆ័យពីក្រុមគ្រូពេទ្យ ក៏រកឃើញថាលោក Austin បានឆ្លងមេរោគនៅតម្រងនោម និងតម្រូវឲ្យមានការសម្រាកព្យាបាលជាចាំបាច់។

រំលឹកបន្តិចថា ទាក់ទងនឹងបញ្ហាមួយនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបានការរិះគន់​ជាខ្លាំង ដោយសារការចូលសម្រាកនៅមន្ទីរពេទ្យរបស់លោក មិនបានផ្ដល់ដំណឹងទៅកាន់​ប្រធានាធិបតីអាមេរិកឡើយ ពោលគឺបាត់ដំណឹងឈឹង ទើបតែពេលថ្មីៗនេះប៉ុណ្ណោះ ដែលប្រធានាធិបតីអាមេរិក និងរដ្ឋសភា ទទួលបានដំណឹងមួយនេះ។

បន្ថែមពីនោះ សមាជិកសភាគណបក្សសាធារណៈរដ្ឋមួយចំនួន បានអំពាវនាវឲ្យមានការតំណែង​របស់លោក Austin ថែមទៀត ប៉ុន្តែសេតវិមានប្រកាន់ជំហរ គាំទ្ររដ្ឋមន្ត្រីការពារជាតិរូបនេះដដែល និងអះអាងថា លោក Austin គ្មានគម្រោងក្នុងការលាលែងតំណែងឡើយ៕