សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដោយផ្ទាល់ ជូនដល់រដ្ឋបាលខេត្តចំនួន ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ កាលថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។
តាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ខេត្តទាំង ០៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង ព្រៃវែង មណ្ឌលគីរី កោះកុង ប៉ៃលិន និងខេត្តត្បូងឃ្មុំ។ ខេត្តនីមួយៗទទួលបាននូវ ១)ប័ណ្ណសរសើរចំនួន ១, ២)ថវិកាចំនួន ២០០លានរៀល និង ៣)ភេសជ្ជៈចំនួន ១ពាន់កេស។ ការផ្តល់នូវរង្វាន់នេះ ជាការឆ្លើយតបតាមការសន្យារបស់សម្តេចធិបតី ដែលសម្តេចបានថ្លែងក្នុងពេលសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះសារលើទំព័រហ្វេសប៊ុក ដើម្បីអបអរសាទរ ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ សម្ដេចធិបតី បានបញ្ជាក់ថា៖ “ដូចតាមការប្រកាសកន្លងទៅ ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឱ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស”។
សូមជម្រាបថា បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីសប្បាយរីករាយចំពោះប្រជាពលរដ្ឋ ដែលបាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករក្នុងអំឡុង ពេលចូលឆ្នាំកន្លងទៅនេះ។ ទន្ទឹមនឹងនោះ បញ្ហាដែលកើតឡើងដោយសកម្មភាពបងធំ បងតូច បានធ្លាក់ចុះយ៉ាងខ្លាំង ដែលនេះបណ្ដាលមកពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការរៀបចំបានល្អរបស់អាជ្ញាធរមានសមត្ថកិច្ច៕