ខេត្តចំនួន៦ មិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលបុណ្យចូលឆ្នាំថ្មី ទទួលបានប័ណ្ណសរសើរនិងប្រាក់រង្វាន់ពីសម្តេចធិបតី

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​​នៅ​​ព្រឹក​ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤​នេះ បាន​​អញ្ជើញ​ប្រគល់​ប័ណ្ណសរសើរ និង​រង្វាន់ដោយផ្ទាល់ ​ជូន​ដល់​រដ្ឋបាលខេត្ត​ចំនួន ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍​អំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ កាលថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមបណ្តាញសង្គមហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច​ធិបតី ​​​ខេត្តទាំង ០៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង ព្រៃវែង មណ្ឌលគីរី កោះកុង ប៉ៃលិន និងខេត្តត្បូងឃ្មុំ។ ខេត្តនីមួយៗទទួលបាន​នូវ​ ១)ប័ណ្ណសរសើរ​ចំនួន ១, ២)ថវិកាចំនួន ២០០លានរៀល និង ៣)​ភេសជ្ជៈ​ចំនួន ១ពាន់​កេស។ ការផ្តល់នូវរង្វាន់​នេះ ជាការឆ្លើយតប​តាម​ការ​សន្យា​​របស់​សម្តេច​ធិបតី ដែល​សម្តេច​​បានថ្លែង​ក្នុងពេល​សម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

​កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ​សម្តេច​ធិបតីនាយករដ្ឋមន្ត្រី ​​​បាន​បង្ហោះសារ​លើ​ទំព័រហ្វេសប៊ុក ដើម្បី​អបអរសាទរ ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ សម្ដេចធិបតី បាន​បញ្ជាក់​ថា៖ “ដូចតាមការប្រកាសកន្លងទៅ ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឱ្យ​គ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារ​គ្រប់ទីកន្លែងនៅទូទាំង​ប្រទេស”។

សូមជម្រាបថា បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី​លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីសប្បាយរីករាយចំពោះប្រជាពលរដ្ឋ ដែលបាននាំ​គ្នាលេងល្បែង​ប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករក្នុងអំឡុង ពេលចូលឆ្នាំកន្លងទៅនេះ។ ទន្ទឹមនឹងនោះ បញ្ហាដែលកើតឡើង​ដោយ​សកម្មភាពបងធំ បងតូច បានធ្លាក់ចុះយ៉ាងខ្លាំង ដែលនេះបណ្ដាលមកពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការ​រៀបចំ​បានល្អរបស់អាជ្ញាធរមានសមត្ថកិច្ច៕