សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៣ឆ្នាំ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ឪពុកអ្នកឧកញ៉ា ហ៊ុន តូ

ជុំវិញ​ឧកញ៉ា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូន ក្មួយៗ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលដួងិវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបុណ្យខួបគម្រប់ ៣ឆ្នាំនេះ ត្រូវបានប្រារពឡើង នៅភូមិអណ្ដូងច្រះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពងចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលរាជធានីខេត្ត ព្រមទាំងវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ និងសាច់ញាតិជិតឆ្ងាយជាច្រើនផងដែរ។

សម្តេច ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៥០ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះស្រី៣នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រី លាង វួចឆេង នៅឆ្នាំ១៩៧១ និងមានបុត្រាបុត្រីចំនួន ៦នាក់ ក្នុងនោះស្រី ៣នាក់ រួមទាំង អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ ហ៊ុន គីមឡេង ភរិយារបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ជាឥស្សរជនមួយរូប និងជាបងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាព ដោយរោគាពាធ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ៕