ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥នេះ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។
សម្តេចបន្ថែមថា ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា នៅកម្ពុជា ជារៀងរាល់ឆ្នាំ មានករណីជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី ហើយការស្លាប់ពីជំងឺនេះមានប្រមាណ ១ម៉ឺន ៤ពាន់នាក់ក្នុងមួយឆ្នាំៗ។ ចំនួននេះអាចតិចជាងនៅប្រទេសផ្សេង ប៉ុន្តែជាតួលេខខ្ពស់ធៀបនឹងចំនួនប្រជាជន ១៧លាននាក់។
តាមរយៈពិធីខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ, សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ ហ្សាលីន


