កម្ពុជា ដាក់ឱ្យអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ខណៈអ្នកស្លាប់ពីជំងីនេះមាន​តួ​លេខ​ខ្ពស់​

សង្គម​ និង​សេដ្ឋកិច្ច

ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។

សម្តេចបន្ថែមថា ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា នៅ​កម្ពុជា​ ជារៀង​រាល់​ឆ្នាំ​ មាន​ករណី​ជំងឺ​មហារីក​ថ្មី​ប្រមាណ​ ២ម៉ឺន​ករណី​ ហើយ​ការ​ស្លាប់​ពី​ជំងឺ​នេះ​មាន​ប្រមាណ​ ១ម៉ឺន​ ៤ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ចំនួន​នេះ​អាច​តិច​ជាង​នៅ​ប្រទេស​ផ្សេង ប៉ុន្តែ​ជា​តួ​លេខ​ខ្ពស់​ធៀប​នឹង​ចំនួន​ប្រជាជន​ ១៧​លាន​នាក់។

តាមរយៈពិធីខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ, សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ ហ្សាលីន