ជប៉ុន បដិសេធប្រើប្រាស់មូលបត្របំណុលជាង ១ទ្រីលានដុល្លារនៅរតនាគារអាមេរិក ជា​ថ្នូរ​ចរចាពន្ធគយ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនមិនមានគម្រោងក្នុងការប្រើប្រាស់មូលបត្របំណុលជាង ១ទ្រីលានដុល្លារ នៅក្នុងរតនាគារអាមេរិក ដែលជប៉ុនកំពុងកាន់កាប់ ដើម្បីមកធ្វើជាថ្នូរក្នុងការចរចាពាណិជ្ជកម្មជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Katsunobu Kato រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ថ្លែងប្រាប់ទៅក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីថ្ងៃទី២ ខែឧសភា ថា បច្ចុប្បន្ន ជប៉ុន គឺត្រូវតែដាក់សន្លឹកបៀរទាំងអស់នៅលើតុពេលចរចា។ ហើយការប្រើប្រាស់មូលបត្របំណុលនៅក្នុងរតនាគារអាមេរិកនេះ អាចជាសន្លឹកបៀរមួយ ក្នុងចំណោមសន្លឹកបៀរផ្សេងទៀត។ ប៉ុន្តែសន្លឹកបៀរនេះ អាចប្រើ ឬអត់នោះ គឺជារឿងផ្សេងមួយទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយប្រាប់ទៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Milan កាលពីពេលថ្មីៗនេះ លោក Kato បានចេញមុខច្រានចោលវិញ ដោយនិយាយថា ការអត្ថាធិប្បាយរបស់លោកពីមុន គឺមិនមានបំណងក្នុងការបោះបង់មូលបត្របំណុលនៅក្នុងរតនាគារអាមេរិក នោះឡើយ។

លោក Kato ថែមទាំងបានសង្កត់ធ្ងន់ទៀតថា គោលបំណងចម្បងនៃការកាន់កាប់ មូលបត្របំណុលនៅក្នុងរតនាគារអាមេរិក របស់ជប៉ុន ដែលជាម្ចាស់បំណុលធំជាងគេបំផុតនៅក្នុងពិភពលោកនោះ គឺដើម្បីធានាបានថា ខ្លួនមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ដើម្បីធ្វើអន្តរាគមន៍លើតម្លៃប្រាក់យ៉េន នៅពេលចាំបាច់ប៉ុណ្ណោះ។

លោក Kato បានមានប្រសាសន៍ទៀតថា ៖ “នេះគឺជាជំហរពិតប្រាកដរបស់យើង ហើយយើងមិនមានគម្រោងប្រើប្រាស់ការលក់មូលបត្របំណុលនៅក្នុងរតនាគារសហរដ្ឋអាមេរិក ដើម្បីប្រើជាឧបករណ៍ ក្នុងការចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននោះឡើយ”។

ជម្រាបជូនថា កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធវិញទៅមក ២៤% លើការនាំចេញរបស់ជប៉ុនទៅកាន់អាមេរិក ហើយបន្ទាប់មកលោកបានពន្យារពេលការអនុវត្តរហូតដល់ដើមខែកក្កដា ដើម្បីបង្កើតឱកាសសម្រាប់ការចរចាលើបញ្ហានេះវិញ។ ទោះជាយ៉ាងណា ប្រទេសនេះនៅតែទទួលរងនូវពន្ធគយទូទៅ ១០% និងពន្ធ ២៥% លើរថយន្ត ដែលជាទំនិញនាំចេញសំខាន់របស់ជប៉ុន៕