រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ចំនួន ១ ០០០ដុល្លារ ដល់ជនអន្តោប្រវេសន៍ដែលកំពុងស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយវិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញដោយស្ម័គ្រចិត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមក្រសួងសន្តិសុខមាតុភូមិ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការស្ម័គ្រចិត្តនិរទេសដោយខ្លួនឯងនេះ នឹងត្រូវធ្វើតាមរយ:កម្មវិធីទូរសព្ទមួយហៅថា CBP Home ដើម្បីប្រាប់រដ្ឋាភិបាលថាពួកគេមានគម្រោងត្រឡប់ទៅស្រុកកំណើតវិញ ដោយនឹងទទួលបានជំនួយហិរញ្ញវត្ថុ ក៏ដូចជាការរ៉ាប់រងថ្លៃធ្វើដំណើរ និងមិនត្រូវបានអាជ្ញាធរចាប់ខ្លួននោះឡើយ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បាននិយាយថា ៖”ប្រសិនបើអ្នកនៅទីនេះដោយខុសច្បាប់ ការនិរទេសដោយខ្លួនឯងគឺជាវិធីល្អបំផុត សុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការចាកចេញពីសហរដ្ឋអាមេរិក ដើម្បីចៀសវាងការចាប់ខ្លួន” ។
ជម្រាបជូនផងដែរថា រដ្ឋបាលលោក ត្រាំ បាននិរទេសមនុស្សចេញពីទឹកដីសហរដ្ឋអាមេរិក ចំនួន ១៥២ ០០០ នាក់ គិតចាប់តាំងពីថ្ងៃទី២០ ខែមករាមក ខណ:ចំនួននេះគឺទាបជាង ១៩៥ ០០០នាក់ គិតក្នុងចន្លោះពីខែកុម្ភៈ ដល់ខែមេសា កាលពីឆ្នាំមុន អំឡុងនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ចូ បៃដិន៕

