គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមចំនួន២ ដែលនឹងស្រូបទាញការងារសរុបប្រមាណ៩៩០កន្លែង ទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន នឹងបោះទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នេះបើតាមរយៈកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
គម្រោងវិនិយោគចំនួន២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុនោះ គឺគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា របស់ក្រុមហ៊ុន អាលូវុលថេក អ៊ិនដាសស្មៀល ឯ.ក និងគម្រោងបង្កើតរោងចក្រកែច្នៃ អាលុយមីញ៉ូម របស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ។
ការអនុវត្តគម្រោងទាំង២នេះ ត្រូវបានរំពឹងថានឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ និងដំណាក់កាលអនុវត្តដូចជា ការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, ការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន, និងការជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរ។

លោក ឡុង ឌីម៉ង់ បានណែនាំឱ្យម្ចាស់គម្រោងធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន និងសង្គមមកនៅត្រឹមកម្រិតអប្បបរមា និងប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។ ដោយឡែកក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយមន្ទីរ-អង្គភាពដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវផងដែរ៕






