ប៉ាគីស្ថាន មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន គឺជាប្រទេសមួយដែលស្ថិតនៅតំបន់អាស៊ីខាងត្បូង និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី០៦ លើពិភពលោក ក៏ដូចជាប្រទេសដែលមានប្រជាជនកាន់សាសនាឥស្លាមច្រើនជាងគេទី០២ បន្ទាប់ពីឥណ្ឌូណេស៊ី ផងដែរ។

បើនិយាយដល់សេដ្ឋកិច្ចវិញ សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដែលជាប្រទេសមានព្រំដែនដីជាប់ជាមួយមហាអំណាចសេដ្ឋកិច្ចចិន និងឥណ្ឌា បាននាំចេញផលិតផលទំនិញសរុបរបស់ខ្លួនក្នុងចំនួនសរុបប្រមាណ ៣២,៥ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤។
គួរឲ្យដឹងផងដែរថា ការនាំចេញសំខាន់ៗរបស់ប្រទេសប៉ាគីស្ថាន មានដូចជា វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ផលិតផលអាហារ (ក្នុងនោះរួមមាន អង្ករ គ្រឿងទេស ផលិតផលសាកវប្បកម្ម និងត្រី) ផលិតផលស្បែក ស្បែកជើង កំរាលព្រំ សម្ភារ:កីឡា ទំនិញវះកាត់ កាំបិត ផលិតផលឱសថ និងគ្រឿងបន្លាស់រថយន្ត ជាដើម។
ក្នុងចំណោមទំនិញនាំចេញសរុបទាំងអស់ វាយនភណ្ឌ និងសម្លៀកបំពាក់ពាក់ ឈរលើគេ ជាមួយនឹងតម្លៃនាំចេញសរុប ៥,៥ពាន់លានដុល្លារ (ឬស្មើទៅនឹង ១៧% នៃការនាំចេញសរុប) តាមពីក្រោយដោយគ្រឿងប្រើប្រាស់ មានតម្លៃ ៤,៨ពាន់លានដុល្លារ ឬស្មើ ១៤,៧% និងគ្រាប់ធញ្ញជាតិ មានតម្លៃនាំចេញ ៤,៥ពាន់លានដុល្លារ។
យ៉ាងណាមិញចំពោះទិសដៅនាំចេញសំខាន់ៗ គឺសហរដ្ឋអាមេរិក ២១,៣% នៃចំនួននាំចេញសរុប ចិន ៩,៧%, ចក្រភពអង់គ្លេស ៦,៨%, អាល្លឺម៉ង់ ៥,៥%, ហូឡង់ ៥,៤%, អារ៉ាប់រួម ៤,៣%, អេស្ប៉ាញ ៤%, អ៊ីតាលី ៣,៦%, បង់ក្លាដែស ៣%, និងបែលហ្ស៊ិក ២,៥% ។
ជម្រាបជូនផងដែរថា នៅឆ្នាំ២០២៤ ការនាំចូលកំពូលៗ របស់ប្រទេសប៉ាគីស្ថាន ដោយផ្នែកតាមតម្លៃរួមមាន ឥន្ធនៈ និងប្រេង ឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន ដែក និងដែកថែប និងទំនិញផ្សេងៗដូចជាកប្បាស ប្រេងដូង និងវត្ថុធាតុដើមប្លាស្ទិក ជាដើម។
ប្រភពនាំចូលសំខាន់ៗ មានដូចជា ប្រទេសចិន ២៦%, អារ៉ាប់រួម ១០,៤%, អារ៉ាប៊ីសាអូឌីត ៦,៥%, ឥណ្ឌូណេស៊ី ៥,៨%, សហរដ្ឋអាមេរិក ៤,៧%, កាតា ៤,៥%, គុយវ៉ែត ៣,៩%, ជប៉ុន ២,៧%, ថៃ ២,៣%, អាហ្វ្រិកខាងត្បូង ២,២%, ប្រេស៊ីល ១,៩%, និងម៉ាឡេស៊ី ១,៦%៕

