គិតត្រឹមរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជាមានចំនួនជិត២លាននាក់ ខណៈក្រសួងទេសចរណ៍ប្តេជ្ញាជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតងបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញចំនួនភ្ញៀវទេសចរណ៍បន្ថែម។


នេះបើយោងតាមប្រសាសន៍ លោក ហួត ហាក់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់រដូវកាលបៃតង (Green Season) កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរនៅក្នុងរដូវកាលបៃតង (Green Season) ឱ្យមានកំណើនបន្ថែមលើសពីការរំពឹងទុក។ ជាមួយគ្នានេះ លោកថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជាមានចំនួនជិត២លាននាក់ ពោលគឺកើនឡើងជាង ១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។
លោកបន្តថា កំណើននេះ គឺបានសបញ្ជាក់ឱ្យឃើញអំពីសក្តានុពលទេសចរណ៍ និងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ ម្ហូបអាហារដ៏មានឱជារស ការកម្សាន្តដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ដែលជំរុញឱ្យភ្ញៀវទេសចរ ជ្រើសរើសអញ្ជើញមកទស្សនា និងកម្សាន្តនាពេលបច្ចុប្បន្ននេះ។

សូមជម្រាបដែរថា តាមរយៈកិច្ចប្រជុំខាងលើ ក្រសួងទេសចរណ៍ ក៏បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងគុណភាពការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរដូវកាលបៃតង (Green Season) នេះ លោករដ្ឋមន្ត្រី បានស្នើវិស័យឯកជនត្រូវរួមគ្នាបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ ការពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ ជាពិសេសត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត ដោយត្រូវរៀបចំជាលក្ខណៈយុទ្ធសាស្ត្រ និងប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេសកិច្ចសហការឱ្យបានសកម្ម និងផុសផុលពីបណ្តាភាំគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវកំណើនភ្ញៀវទេសចរបន្ថែមទៀតនាឆ្នាំ២០២៥ នេះផងដែរ៕អត្ថបទ៖ហ្សាលីន

