បន្ទាប់ពីការចរចាដ៏ធំមួយត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុន សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នា ក្នុងការកត់បន្ថយពន្ធគយគ្នាជាបណ្តោះអាសន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១២ ខែឧសភានេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា ប្រទេសទាំងពីរ បានយល់ព្រមផ្អាកនូវការយកពន្ធគយរយៈពេល ៩០ថ្ងៃ។ លើសពីនេះ ពន្ធនាំចូលទៅវិញទៅមករបស់ប្រទេសទាំងពីរ ក៏នឹងត្រូវកាត់បន្ថយ ១១៥% រៀងៗខ្លួន ផងដែរ។
រំឭកផងដែរថា កាលពីចុងសប្តាហ៍មុន មន្ត្រីកំពូលអាមេរិក និងចិនបានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម។ បន្ទាប់ពីកិច្ចប្រជុំនោះ ភាគីអាមេរិកបាននិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន ដែលមានចំនួនរហូតដល់ ៣៦១ពាន់លានដុល្លារ កាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងផងដែរថា ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានវាយតម្លៃថា ការចរចានេះ គឺមានភាពស៊ីជម្រៅ ស្មោះត្រង់ និងស្ថាបនា។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ក៏បានបញ្ជាក់ទៀតថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាសំខាន់ៗជាច្រើន ដោយបានយល់ព្រមបង្កើតយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃទី១២ ខែឧសភានេះថា ភាគីទាំងពីរបានប្តេជ្ញាធ្វើសកម្មភាពលើកិច្ចព្រមព្រៀងនេះ នៅត្រឹមថ្ងៃទី១៤ ខែឧសភា ស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីពន្យារពេល ឬដកចេញរបាំងមិនមែនពន្ធដែលដាក់លើសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី២ ខែមេសាមក ផងដែរ។
ជម្រាបជូនផងដែរថា យោងតាមសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Xihua បាននិយាយថា បន្ទាប់ពីសកម្មភាពខាងលើ ត្រូវបានធ្វើឡើង ភាគីទាំងពីរនឹងបង្កើតយន្តការមួយ ដើម្បីបន្តការពិភាក្សាលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ការពិភាក្សាទាំងនេះអាចធ្វើឡើងឆ្លាស់គ្នានៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ឬនៅក្នុងប្រទេសទីបី ប្រសិនបើភាគីទាំងពីរយល់ព្រម។ នៅពេលចាំបាច់ ភាគីទាំងពីរអាចធ្វើការពិគ្រោះយោបល់លើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលពាក់ព័ន្ធបន្ថែមទៀត៕

