លោក ថាក់ស៊ីន ស្នើឲ្យថៃ​ បញ្ចេញដាក់លក់​ ទិដ្ឋាការមាស សម្រាប់ជនបរទេសមានទ្រព្យច្រើន

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើឲ្យប្រទេសថៃ បង្កើតគម្រោងទិដ្ឋាការមាស សម្រាប់ផ្តល់ជូនជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីអាចបន្តស្នាក់នៅក្នុងប្រទេសរយ:ពេលវែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេលនិយាយនៅឯសន្និសីទ “Unlocking Thailand’s Future” ដែលរៀបចំដោយក្រុមហ៊ុន Mcot Plc កាលពីថ្ងៃព្រហស្បតិ៍ លោក ថាក់ស៊ីន បានលើកឡើងថា គម្រោងទិដ្ឋាការមាសនេះ​ អាចផ្តល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចរហូតដល់ទៅ ៥០០ពាន់លានបាត។ លោកបន្ថែមទៀតថា គម្រោងនេះ​ អាចជួយឲ្យប្រទេសថៃ ទាក់ទាញអ្នកមានៗចំនួន ៦០០ ០០០ នាក់ ក្នុងការដាក់ប្រាក់រាប់លាន សម្រាប់ទទួលបានទិដ្ឋាការនេះ។

លោក ថាក់ស៊ីន ក៏បាននិយាយទៀតថា ជុំវិញគម្រោងដាក់ចេញទិដ្ឋាការមាសនេះ នឹងអាចជំរុញកំណើន GDP របស់ប្រទេសថៃ​ កាត់បន្ថយបំណុលសាធារណ: និងជំរុញដល់ការប្រើប្រាស់នៅក្នុងស្រុក ថែមទៀតផង។

គួរឲ្យដឹងផងដែរថា លោក ថាក់ស៊ីន នៅតែបន្តរក្សាបាននូវឥទ្ធិពលយ៉ាងសំខាន់មួយ​ក្នុងនាមជាអ្នកបង្កើតគោលនយោបាយតាមរយ:គណបក្សភឿថៃដែលកំពុងកាន់អំណាច ដែលដឹកនាំដោយកូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn បើទោះបីជាលោកស្រីមិនមានឋានៈផ្លូវការ ក្នុងរដ្ឋាភិបាលបច្ចុប្បន្នក៏ដោយ។

ជម្រាបជូនថា សុន្ទរកថារបស់លោក ថាក់ស៊ីន អំពីការស្នើឲ្យបង្កើតគម្រោងទិដ្ឋាការថ្មីនេះ​ ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការធម្មនុញ្ញថ្មីៗនេះ បានសម្រេចព្យួរតំណែងលោកស្រី Paetongtarn ពីនាយករដ្ឋមន្ត្រី ចំពេលមានការស៊ើបអង្កេតលើករណីរំលោភបំពានលើក្រមសីលធម៌ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះព្រំដែន៕