កូនម្នាក់របស់លោក ត្រាំ នឹងបង្ហាញវត្តមានក្នុងពិធីបើកការដ្ឋានគម្រោងតម្លៃ ១,៥ពាន់លានដុល្លារ នៅវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Trump Organization ដែលជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍មកថានឹងចាប់ផ្តើមបើកការដ្ឋាន ទៅលើគម្រោងដែលមានតម្លៃរហូតដល់ទៅ ១,៥ពាន់លានដុល្លារ នៅថ្ងៃទី២១ ខែឧសភានេះ ខណ:ក៏មានការចូលរួមសំណាក់លោក Eric Trump ក្នុងចំណោមភ្ញៀវពិសេសផ្សេងទៀត ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងដ៏ធំបំផុតមួយ ដែលលាតសន្ធឹងលើផ្ទៃដី ៩៩០ ហិកតា ស្ថិតនៅក្នុងខេត្ត Hung Yen ដោយក្នុងនោះរួមមានការសាងសង់សណ្ឋាគារ ​រមណីយដ្ឋាន​ ទីលានវាយកូនហ្គោល និងលំនៅឋានបែបទំនើបផងនោះ ទើបតែត្រូវបានរដ្ឋាភិបាលវៀតណាម សម្រេចអនុម័ត កាលពីថ្ងៃទី១៧ ខែឧសភា។

យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Eric Trump ដែលជាកូនប្រុសរបស់ប្រធានាធិបតី លោក​ ត្រាំ និងគណៈប្រតិភូមកពីក្រុមហ៊ុន Trump Organization ផ្សេងទៀត ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋាន និងពិភាក្សាជាមួយមន្ត្រីក្នុងតំបន់ លើសំណើសាងសង់ប៉មនៅក្នុងតំបន់ Thu Thiem នៃរដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេស។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងរវាង Trump Organization និងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen រួមជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម Kinh Bac City ដែលជាដៃគូវិនិយោគក្នុងស្រុក ត្រូវបានប្រកាសឡើងកាលពីឆ្នាំមុនមកម្លេះ សម្រាប់ការអភិវឌ្ឍរមណីយដ្ឋានដែលនឹងរួមបញ្ចូលទាំងសណ្ឋាគារលំដាប់ផ្កាយប្រាំ ទីលានវាយកូនហ្គោល និងលំនៅដ្ឋានបែបប្រណីតៗ៕