កម្ពុជា បានប្រែក្លាយពីប្រទេសដែលនាំចូលស៊ីម៉ង់តិ៍ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការខ្លួនឯងបានទាំងស្រុង

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើឡើងថា កម្ពុជា បានប្រែក្លាយពីប្រទេសមួយដែលនាំចូលស៊ីម៉ង់ដ៍ ទៅជាប្រទេសដែលអាចផ្គត់ផ្គង់ស៊ីម៉ង់ដ៍ខ្លួនឯងបាន ហើយនាំចេញទៀត ដែលនេះគឺជាមោទនភាពជាតិមួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចធិបតី បានឱ្យដឹងថា ស៊ីម៉ងតិ៍ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា នាពេលបច្ចុប្បន្នក្នុងរង្វង់ជាង១០លានតោន។ ដូច្នេះ ការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា។

ជាមួយគ្នានេះ សម្តេចបន្ថែមថា រោងចក្រទាំង៦ ដែលមានវត្តមាននៅកម្ពុជា មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោន ក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង។

ជាក់ស្តែងសម្តេចបញ្ជាក់ថា៖« យើងក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃ ក្នុងបរិមាណប្រមាណជាង ៣០,០០០ តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។ បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍន៍ការដ្ឋានផងដែរ»។

សូមបញ្ជាក់ថា រោងចក្រដែលកំពុង​ដំណើរការ​នៅកម្ពុជា រួមមាន រោងចក្រស៊ីម៉ងតិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd), រោងចក្រស៊ីម៉ងតិ៍​កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd), រោងចក្រស៊ីម៉ងតិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation), រោងចក្រស៊ីម៉ងតិ៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត,រោងចក្រស៊ីម៉ង​តិ៍ថៃ​ប៊ុនរ៉ុង និងរោងចក្រស៊ីម៉ងតិ៍ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន៕ អត្ថបទ៖ ហ្សាលីន