រដ្ឋមន្ត្រីកសិកម្មជប៉ុន ត្រូវអស់តំណែង ក្រោលពោលពាក្យ​ថា ‘មិន​ចាំបាច់​ទិញ​អង្ករ’

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងកសិកកម្មជប៉ុន លោក Taku Eto បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួនភ្លាមៗ ដើម្បីជាការទទួលខុសត្រូវចំពោះពាក្យសម្តីមួយដែលលោកបានលើកឡើងកាលពីដើមសប្តាហ៍នេះថា “មិនចាំបាច់ត្រូវទិញអង្ករ” ដែលបណ្តាលឲ្យមានការខឹងសម្បារជាសាធារណ:។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងព្រឹត្តិការណ៍រៃអង្គាសថវិកាសម្រាប់គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចនៅតំបន់ Saga កាលពីថ្ងៃទី១៨ ខែឧសភា លោក Eto បាននិយាយថាលោក មិនចាំបាច់ត្រូវទិញអង្ករនោះទេ ដោយសារតែលោកទទួលបានដោយឥតគិតថ្លៃពីអ្នកគាំទ្រ។ រដ្ឋមន្ត្រីរូបនេះ បានបន្តទៀតថា បរិមាណអង្ករដែលលោកមាន មិនត្រឹមតែគ្រប់គ្រាន់សម្រាប់ហូបនៅផ្ទះប៉ុណ្ណោះទេ ហើយអាចទុកលក់បានថែមទៀតផង។

យ៉ាងណាមិញ ក្រោយការលើកឡើងបែបនេះ បាន​ធ្វើ​ឲ្យ​លោក Eto រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​គណបក្ស​ប្រឆាំង និង​សមាជិក​សភា​ក្នុង​បក្ស​កាន់​អំណាច ស្របពេលតម្លៃអង្ករនៅជប៉ុន កំពុងឡើងថ្លៃខ្លាំង។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្ងៃ​ក្រោយ​មក លោក Eto បាន​សុំ​ទោស ហើយ​បាន​និយាយ​ថា លោក​បាននិយាយ​ជ្រុល​ហួស​ហេតុបន្តិច។

រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុនរូបនេះ បានសម្តែងការដឹងខុសថា ៖”ខ្ញុំពិតជាបាននិយាយពាក្យមិនសមរម្យ នៅពេលដែលប្រជាជនកំពុងជួបការលំបាកជាមួយនឹងការកើនឡើងនៃតម្លៃស្រូវអង្ករ” ។

ជុំវិញបញ្ហានេះ លោក Eto បានសម្រេចលាលែងពីតំណែងរដ្ឋមន្រ្តីកសិកម្ម នៅថ្ងៃទី២១ ខែឧសភា ហើយ លោក Shigeru Ishiba នាយករដ្ឋមន្រ្តីជប៉ុន ក៏បានទទួលលិខិតលាលែងពីតំណែងនេះដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បាននិយាយថា លោក Ishiba អាចតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Shinjiro Koizumi ឲ្យជំនួសតំណែងរបស់លោក Eto វិញ៕