រដ្ឋមន្ត្រីក្រសួងកសិកកម្មជប៉ុន លោក Taku Eto បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួនភ្លាមៗ ដើម្បីជាការទទួលខុសត្រូវចំពោះពាក្យសម្តីមួយដែលលោកបានលើកឡើងកាលពីដើមសប្តាហ៍នេះថា “មិនចាំបាច់ត្រូវទិញអង្ករ” ដែលបណ្តាលឲ្យមានការខឹងសម្បារជាសាធារណ:។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងអំឡុងព្រឹត្តិការណ៍រៃអង្គាសថវិកាសម្រាប់គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចនៅតំបន់ Saga កាលពីថ្ងៃទី១៨ ខែឧសភា លោក Eto បាននិយាយថាលោក មិនចាំបាច់ត្រូវទិញអង្ករនោះទេ ដោយសារតែលោកទទួលបានដោយឥតគិតថ្លៃពីអ្នកគាំទ្រ។ រដ្ឋមន្ត្រីរូបនេះ បានបន្តទៀតថា បរិមាណអង្ករដែលលោកមាន មិនត្រឹមតែគ្រប់គ្រាន់សម្រាប់ហូបនៅផ្ទះប៉ុណ្ណោះទេ ហើយអាចទុកលក់បានថែមទៀតផង។
យ៉ាងណាមិញ ក្រោយការលើកឡើងបែបនេះ បានធ្វើឲ្យលោក Eto រងការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រឆាំង និងសមាជិកសភាក្នុងបក្សកាន់អំណាច ស្របពេលតម្លៃអង្ករនៅជប៉ុន កំពុងឡើងថ្លៃខ្លាំង។ ក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃក្រោយមក លោក Eto បានសុំទោស ហើយបាននិយាយថា លោកបាននិយាយជ្រុលហួសហេតុបន្តិច។
រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុនរូបនេះ បានសម្តែងការដឹងខុសថា ៖”ខ្ញុំពិតជាបាននិយាយពាក្យមិនសមរម្យ នៅពេលដែលប្រជាជនកំពុងជួបការលំបាកជាមួយនឹងការកើនឡើងនៃតម្លៃស្រូវអង្ករ” ។
ជុំវិញបញ្ហានេះ លោក Eto បានសម្រេចលាលែងពីតំណែងរដ្ឋមន្រ្តីកសិកម្ម នៅថ្ងៃទី២១ ខែឧសភា ហើយ លោក Shigeru Ishiba នាយករដ្ឋមន្រ្តីជប៉ុន ក៏បានទទួលលិខិតលាលែងពីតំណែងនេះដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បាននិយាយថា លោក Ishiba អាចតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Shinjiro Koizumi ឲ្យជំនួសតំណែងរបស់លោក Eto វិញ៕

