គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រចបាន ៥០%

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ គម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រចបានប្រមាណ ៥០%ហើយ។ នេះបើយើងតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាព គម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដឹកនាំដោយលោក ថោ ជេដ្ឋា  រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញចែកជាពីរអនុគម្រោង ទី១)អនុគម្រោងរលាំងជ្រៃស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ការងារសំខាន់ៗរួមមាន៖ ជួសជុលប្រឡាយមេរលាំងជ្រៃខាងជើង ១ខ្សែប្រវែង ១១,៧០គីឡូម៉ែត្រ ប្រឡាយមេរលាំងជ្រៃខាងត្បូង ១ខ្សែប្រវែង ១២,៦០ គីឡូម៉ែត្រ ប្រឡាយរងថ្នាក់ទី២ទី៣ សរុប ៤៧ខ្សែ ប្រវែង ២២,១គីឡូម៉ែត្រ និងសំណង់ពាក់ព័ន្ធសរុប ២០៧កន្លែង។

 និងទី២)អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ការងារសំខាន់ៗរួមមាន៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង។

លោក ថោ ជេដ្ឋា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពការងារ និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងសំណូមពរដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបប្រមាណជាង ២ម៉ឺនហិកតា អ្នកទទួលផលចំនួន ៧៩២៥គ្រួសារ ស្មើនឹង ៤៤១៥៧នាក់ និងបង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ ៣,៨០ តោន/ហិកតា៕