មេធំក្រុមហ៊ុន LVMH ជំរុញឲ្យអឺរ៉ុបបន្ទន់ជំហរ ក្នុងការចរចាពន្ធគយជាមួយអាមេរិក

អន្តរជាតិ

ប្រធានក្រុមហ៊ុនលក់ទំនិញប្រណីតលំដាប់កំពូលរបស់ពិភពលោក LVMH លោក Bernard Arnault កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យមន្ត្រីអឺរ៉ុប យល់ព្រមធ្វើសម្បទាន និងមានភាពបត់បែន ក្នុងការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធគយ និងការពារការងារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចំពោះមុខសភាជាតិបារាំង កាលពីថ្ងៃទី២១ ខែឧសភា ប្រធាន និងជានាយកប្រតិបត្តិ LVMH លោក Bernard Arnault បាននិយាយថា សហភាពអឺរ៉ុប (EU) គួរតែបន្ទន់ជំហររបស់ខ្លួនជាងមុន ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បាន។ ហើយ លោកថែមទាំងបានជំរុញឲ្យមន្ត្រីកំពូលៗរបស់អឺរ៉ុប ធ្វើការចរចារលើកិច្ចព្រមព្រៀងមួយ ដើម្បីចៀសវាងពន្ធគយខ្ពស់ និងការពារការបាត់បង់ការងារនៅអឺរ៉ុប ផងដែរ។

មិនតែប៉ុណ្ណោះ លោក Arnault បានថែមទាំងនិយាយទៀតថា ៖ “ការចរចារវាងទីក្រុងព្រុចសែល និងវ៉ាស៊ីនតោន គួរតែធ្វើឡើងក្នុងគោលបំណងសម្រេចបានលទ្ធផល ដែលមានន័យថា ការធ្វើសម្បទានដល់គ្នាទៅវិញទៅមក”។

លោក Arnaultនិយាយបន្ថែមថា ៖” បើក្រឡេកមើលទៅអង់គ្លេស។ ពួកគេបានចរចាបានយ៉ាងល្អណាស់។ ជាមួយនឹងឥទ្ធិពលរបស់ខ្ញុំ និងទំនាក់ទំនងដ៏​រាបសា​ខ្ញុំសង្ឃឹមថានឹងបញ្ចុះបញ្ចូលអឺរ៉ុបឲ្យមានអាកប្បកិរិយាស្ថាបនាស្រដៀងគ្នានេះដែរ” ។

គួរឲ្យដឹងថា កាលពីដើមខែនេះ ចក្រភពអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីកែលម្អលទ្ធភាពទទួលបានទីផ្សារសម្រាប់វិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារផែនការពន្ធគយនាំចូលខ្ពស់។

ជម្រាបជូនថា បច្ចុប្បន្ន លោក Arnault គឺជា​បុគ្គល​មាន​បំផុត​នៅ​អឺរ៉ុប​ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុបចំនួន ១៥៦ពាន់​លាន​ដុល្លារ​។ លោកដំណើរការ LVMH ដែលជាក្រុមហ៊ុនលក់ទំនិញប្រណីតធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះគ្រប់គ្រងម៉ាកយីហោសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy ជាដើម៕