ធនាគារJBIC របស់ជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យ និងគម្រោងសំខាន់ៗ នៅកម្ពុជា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

យោងតាមជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Japan Bank for International Cooperation-JBIC) កាលពីថ្ងៃទី២៨ ខែឧសភា នៅទីក្រុងតូក្យូ លោក MAEDA Tadashi បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគារ JBIC ជាមួយនឹងបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងសាកលលោក។
ជាមួយគ្នានោះ លោកក៏បានគូសបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្ដោតទៅលើវិស័យ និងគម្រោងធំៗជាច្រើន ដូចជា វិស័យថាមពល, គម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគ្រប់គ្រងសំណល់, និងថាមពលស្អាត ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យ និងគម្រោងសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។ ដោយសម្ដេចបានគូសបញ្ជាក់អំពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចធិបតីមានជំនឿយ៉ាងមុតមាំថា ចំណាប់អារម្មណ៍របស់ធនាគារ JBICនឹងរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍនៃគម្រោងតភ្ជាប់សំខាន់ៗនៅកម្ពុជា។
សូមជម្រាបជូនថា (JBIC) គឺជាស្ថាប័នហិរញ្ញវត្ថុផ្អែកលើគោលនយោបាយ របស់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ប្រាក់កម្ចី ដល់ក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅក្រៅប្រទេស ជាពិសេសក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ។ (JBIC) បានក្លាយ ជាដៃគូផ្តល់ឥណទានសម្បទាន របស់រដ្ឋាភិបាលជប៉ុន ដល់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៩ មក ។ បច្ចុប្បន្ន មានគម្រោងមួយចំនួនដែលត្រូវបានអនុវត្តតាមរយៈកិច្ចព្រមព្រៀងឥនទានសម្បទាន ជាមួយ(JBIC)៕


